(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវជោគជ័យ ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ការពារតម្លៃស្រូវរបស់ប្រជាកសិករមិនឲ្យធ្លាក់ថ្លៃនោះ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដែលធនាគារឯកទេសរបស់រដ្ឋ គ្រោងនឹងស្នើសុំកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាលចំនួន៥០លានដុល្លារទៀត ដើម្បីពង្រីកការផ្តល់ឥណទាន ទៅដល់វិស័យស្រូវអង្ករ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា កញ្ចប់ថវិកាឥណទានពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទចំនួន៥០លានដុល្លារនោះ ត្រូវបានផ្តល់ឥណទាន អស់ចំនួន៤៩លានដុល្លារហើយ សម្រាប់គាំទ្រដល់វិស័យស្រូវអង្ករ សល់តែ១លានដុល្លារប៉ុណ្ណោះ ខណៈម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជាច្រើនទៀតបានដាក់សំណើសុំឥណទានបន្ថែមទៀត ក្នុងគ្រាដែលរដូវប្រមូលផលមកដល់។

លោកអគ្គនាយកបញ្ជាក់ថា ​ឃ្លាំង​ស្ដុក​​ស្រូវ​ និងឡសម្ងួតស្រូវជា​ច្រើន ​កំ​ពុង​ដាក់​ឲ្យ​ដំ​ណើរ​ការ ដែលនាំ​តម្រូវ​ការឥណទាន​បន្ត​កើន​ឡើង។

លោក កៅ ថាច បញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមានតម្រូវការឥណទានកាន់តែច្រើន ដូច្នេះធនាគារអភិវឌ្ឍន៍ជនបទ នឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៥០លានដុល្លារ សម្រាប់បំពេញតម្រូវការឥណទាន ដើម្បីគាំទ្រដល់ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា សម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនទទួលបានឥណទានពិសេសពី ធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ឥណទានពិសេសរបស់ធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមហ៊ុន Amru Rice ទទួលបានល្អប្រសើរ ក្នុងសង្វាក់គាំទ្រការដាំដុះ និងការកែច្នៃនាំចេញ។

លោកថា ឥណទាននោះ បានជួយឲ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកបានការបញ្ជាទិញ តាមកិច្ចសន្យាកសិកម្មធំជាងមុន។ លើសពីនេះក្រុមហ៊ុនអាចពង្រីកវិសាល ទីតាំងខេត្តផ្សេងៗបាន ដែលអាចធ្វើនៅ៩ខេត្តក្រុង។ កន្លងមកក្រុមហ៊ុនទទួលបានការគាំទ្រ ពីទីផ្សារអន្ដរជាតិ ទៅលើការធ្វើកសិកម្ម ដូច្នេះយន្ដការរបស់ធនាគារអភិវឌ្ឍន៍ជនបទ ដាក់ចេញនេះ ពិតជាជួយបំពេញសេចក្ដីត្រូវការទីផ្សារក្រៅប្រទេស ក៏ដូចជាការជំរុញក្នុងការនាំចេញអង្ករ ដោយធានាបានទាំងគុណភាព និងសុវត្ថិភាពដល់អ្នកទិញ ក៏ដូចជាកសិករដែលគាត់បានខិតខំដាំដុះ តាមកិច្ចសន្យាកសិកម្ម។

លោកបញ្ជាក់ថា «ក្រុមហ៊ុននៅតែសូមឲ្យមានការគិតគូរ និងបន្ដគាំទ្រទៅលើគម្រោងផ្ដល់ប្រាក់កម្ចី ដល់សហគមន៍កសិករបន្ថែមទៀត ដើម្បីឲ្យគាត់មានលទ្ធភាពពង្រីកនូវការដាំដុះតាមបែប តាមកិច្ចសន្យារបស់យើង»

គួររំលឹកថា ការទម្លាក់ឥណទានពិសេសនេះ ផ្តើមចេញពីមានបញ្ហាការធ្លាក់ចុះ នៃតម្លៃស្រូវសែនក្រអូប នៅខេត្តបាត់ដំបង កាលពីឆ្នាំ២០១៦។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ទុនពិសេសចំនួន២៧លានដុល្លារ ដែលក្នុងនោះមានថវិកាជាតិ២០លានដុល្លារ, ថវិការបស់ធនាគារ RDB ចំនួន៧លានុដល្លារ ដើម្បីផ្ដល់ឥណទាន រយៈពេលខ្លីទៅកាន់រោងម៉ាស៊ីនធំៗ ពោលផ្ដល់ទៅដល់រោងម៉ាស៊ីនណា ដែលមានសមត្ថភាពទិញស្រូវ របស់កសិកនោះមកទុកក្នុងឃ្លាំង។ ប៉ុន្តែដោយមិនទាន់គ្រប់គ្រាន់នោះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាក់ឥណទានចំនួន២៣លានដុល្លារទៀត សម្រាប់ជាទុនបង្វិលដែលសរុបទាំងអស់ មានចំនួន៥០លានដុល្លារ សម្រាប់ផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលប្រមូលទិញស្រូវពីកសិករ។

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់បន្ថែមរបស់លោក កៅ ថាច មានគម្រោងចង់ប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទនេះ​ ទៅជាធនាគារដែលមានមុខងារជាធនាគារពាណិជ្ជ​ និងជាធនាគារដែលបម្រើដល់គោលនយោបាយរបស់រាជរដ្ឋាផលដែរ​ ក្នុងឆ្នាំ២០១៩​ ដើម្បីទទួលបានប្រភពទុនពីសាធារណជនផង​ ពីរដ្ឋាភិបាលផង​ និងប្រភពផ្សេងៗទៀត ឆ្លើយតបនឹងការរីកចម្រើន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល។ ​លោកថា ការប្រែក្លាយនេះ សំដៅផ្តល់សេវាធនាគារទូទាំងប្រទេស ដោយមានសាខាប្រចាំតំបន់ និងការិយាល័យចល័តផងដែរ។

លោកបន្តថា ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ មានដំណើរការទៅមុខ គឺត្រូវតែធ្វើការកែទម្រង់ទៅតាមសម័យកាល ដូចជាប្រែក្លាយទៅជា Digital Bank និងមានមុខងារជាធនាគារពាណិជ្ជ ដើម្បីបង្កើតនូវផលិតឥណទានថ្មីផ្សេងទៀត។

លោកអគ្គនាយកបញ្ជាក់ថា «ក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះ ធនាគាររដ្ឋបើមិនធ្វើការកែទម្រង់ស៊ីជម្រៅ និងកែប្រែទៅធ្វើមុខងារធនាគារពាណិជ្ជទេនោះ មានជម្រើសតែពីរទៀតប៉ុណ្ណោះ គឺ ការធ្វើឯកជនភាវូបនីយកម្ម ប្រែក្លាយជា Government Saving Bank និងជម្រើសចុងក្រោយ គឺបិទចោលតែម្តង»

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ធនាគារអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៧ លើកទី៦ ក្រោមអធិបតីភាពលោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងលោក កៅ ថាច អគ្គនាយកនៃ​ធនាគារអភិវឌ្ឍន៍ជនបទ។

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ បានប្រជុំពិភាក្សាលើសេចក្តីព្រាង គម្រោងរៀបចំប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារដែលបំពេញមុខងារជាធនាគារពាណិជ្ជ និងធនាគារបម្រើគោលនយោបាយផង ក្នុងគោលដៅចម្បងបម្រើឲ្យដំណើរការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងកិច្ចប្រជុំនោះ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ក៏បានឱ្យបញ្ជាក់ដែរថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅចម្បងផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារ ប្រកបដោយប្រសិទ្ធភាព និងចីរភាពដល់វិស័យកសិកម្ម រួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ហើយដើម្បីបន្តសម្រេចបាននូវគោលដៅនេះ ប្រកបដោយនិរន្តភាព ធនាគារអភិវឌ្ឍន៍ជនបទ មានបំណងសិក្សាលើការប្រែក្លាយខ្លួន ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឈានមុខ មានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ដែលអាចដោះស្រាយបញ្ហាបរាជ័យទីផ្សារ ពោលគឺបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ ហើយក៏អាចពង្រីកនូវ ប្រតិបត្តិការធនាគារបានពេញលេញបន្ថែមលើតួរនាទីស្នូលរបស់ខ្លួនជាធនាគារ បម្រើគោលនយោបាយស្របទៅ នឹងនិន្នាការនៃការអភិវឌ្ឍវិស័យធនាគារនាពេលបច្ចុប្បន្ន ដែលជាពិសេសការវិវត្តន៍ នៃប្រតិបត្តិការធនាគារតាម បែបឌីជីថល (Digital Banking) ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយអនុក្រឹត្យ លេខ០១ អន.ក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា៕