(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Rémi GENEVEY ប្រធាននាយកដ្ឋានអឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន០៣ ដែលមានទឹកប្រាក់សរុបចំនួន ៨៤.៦៧លានអឺរ៉ូ ត្រូវជាប្រមាណ៩៦.៤លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីទាំង០៣នោះរួមមាន៖

១៖ ឥណទានសម្បទានចំនួន៥៥លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១៖

កម្មវិធីនេះមានទិសដៅអនុវត្តបន្ត ពីគម្រោងដែលផ្តល់ឥណទានលើកដំបូងរបស់ AFD ដែលមានទិសដៅ ក្នុងការបន្តពង្រីកការងារស្តារព្រែក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត, ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធ រំដោះទឹក នៅក្នុងខេត្តគោលដៅចំនួន០៥ដែលរួមមាន៖ ខេត្តកណ្តាល, បាត់ដំបង,ព្រះវិហារ,សៀមរាប និងខេត្តកំពង់ធំ ដែលមានលទ្ធភាពអាចស្រោចស្រព លើផ្ទៃដីកសិកម្មបានប្រមាណជាង ២០ ០០០ ហិកតា ។

ជាមួយគ្នានេះ, សហគមន៍អឺរ៉ុបតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (EU/Asian Investment Facility “AIF”) ក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១១,៥លានអឺរ៉ូ ត្រូវជាប្រមាណ១៣លានដុល្លារអាមេរិក សម្រាប់ធ្វើសហហិរញ្ញប្បទានដល់កម្មវិធីនេះផងដែរ ។ កម្មវិធីនេះនឹងជួយគាំទ្រដល់ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យធនធាន ទឹក និងឧតុនិយមឆ្នាំ ២០១៨-២០២៣។

២៖ ហិរញ្ញប្បទានឥតសំណងចំនួន ២៥លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម)៖

កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ២៥លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណង របស់ EU ក្នុងគោលដៅគាំទ្រកំណើនប្រកបដោយនិរន្តរភាព, ភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យជលផលនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធានាសន្តិសុខស្បៀង និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរួមចំណែកអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ វារីវប្បកម្មជាតិ និងក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ ២០១០-២០១៩ ។

៣៖ ហិរញ្ញប្បទានឥតសំណងចំនួន ៤.៦៧លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រងទឹកស្អាត និងអនាម័យតាមខេត្ត៖

គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ១១០.៨លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានសម្បទានសហប្រតិបត្តិការពី ADB ចំនួនប្រមាណ៥០លានដុល្លារអាមេរិក, ឥណទានសម្បទានពី AFD ចំនួន៤០លានអឺរ៉ូ ត្រូវជាប្រមាណ៤៥.៥ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួន ៤.៦៧លានអឺរ៉ូ ត្រូវជាប្រមាណ ៥.៣១លានដុល្លារអាមេរិក, ហិរញ្ញប្បទានឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់យន្តការផ្តល់ឥណទានរួមគ្នា (JFJCM) ចំនួន ១០លានដុល្លារអាមេរិក ។

គម្រោងនេះនឹងចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ ២០១១-២០២៥ សំដៅបង្កើនការផ្តល់សេវាកម្មទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋដែលរស់នៅតាមទីប្រជុំជន និងក្រុងនៅក្នុងខេត្តបាត់ដំបង, កំពង់ចាម, ព្រះសីហនុ និងខេត្តសៀមរាប ។

គួររំលឹកថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលគិតចាប់ពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន, រាប់ទាំងកិច្ចព្រមព្រៀងទាំង៣នេះផង, រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងតាមរយៈ AFD បានផ្ដល់ហិរញ្ញប្បទានសរុបដល់កម្ពុជាប្រមាណជាង៥៥៤លានអឺរ៉ូ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AFD និងដៃគូអភិវឌ្ឍន៍របស់ខ្លួន ដែលរួមមានសហគមន៍អឺរ៉ុប (EU) ផ្ទាល់ និងតាមរយៈមូលនិធិវិនិយោគអាស៊ី-អឺរ៉ុប (AIF) ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងខាងលើ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកប ដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕