(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងការផ្ដល់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មាការ ទីបំផុតបានរកឃើញ ម្ចាស់ជ័យលាភីភាពយន្ដខ្នាតខ្លីកម្ពុជា ចំនួន៣រូប ដែលម្ចាស់ជ័យលាភីលេខ១, លេខ២ និងលេខ៣។

ការប្រកួតប្រជែងមហោស្រពភាពយន្ដខ្នាតខ្លីកម្ពុជា លើកទី២នេះ ត្រូវបានប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពីលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បៈករ-សិល្បៈការិនីជាច្រើនរូបផងដែរ។

ជាក់ស្ដែងភាពយន្ដខ្នាតខ្លី ដែលទទួលបានជ័យលាភីលេខ១ បានទៅលើរឿង «ម្ចាស់របាំងមុខ» ជាស្នាដៃនិពន្ធរបស់លោក ឡុង ឡយ ទទួលបានពានរង្វាន់មាស១ និងទឹកប្រាក់ចំនួន៣ពាន់ដុល្លារ។ ជ័យលាភីលេខ២ បានទៅលើរឿង «នារីសក់ខ្លី» ជាស្នាដៃផលិតរបស់លោក ស្វាយ លីម៉េង ទទួលបានពានរង្វាន់ប្រាក់១ និងទឹកប្រាក់២ពាន់ដុល្លារ និងជ័យលាភីលេខ៣ បានទៅលើរឿង «ផ្ដើមស្នេហ៍លើឡានក្រុង» ជាស្នាដៃនិពន្ធដោយយុវជន ជ័យ វិសាល ទទួលបានពានរង្វាន់សំរិត១ និងទឹកប្រាក់១ពាន់ដុល្លារ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យមានការប្រកួត ភាពយន្ដខ្នាតខ្លីដែលរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឃើញមានអ្នកដាក់ពាក្យសុំចូលរួម ប្រកួតចំនួន៤១ស្នាដៃ។ ក្នុងចំណោម៤១ស្នាដៃនេះ ត្រូវបានជម្រុះយកតែ៦ស្នាដៃប៉ុណ្ណោះ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ។ ជាក់ស្ដែង៦ស្នាដៃនេះ នឹងត្រូវជ្រើសយកតែ៣ស្នាដៃ ដែលត្រូវបានទទួលជ័យលាភីលេខ១, លេខ២ និងលេខ៣។

សូមជម្រាបថា រឿងដែលទទួលបានជ័យលាភីទាំង៣នេះ សុទ្ធសឹងតែជារឿងដែលផ្ដោតទៅលើគំនិតអប់រំ, វប្បធម៌, សិល្បៈរួមជាមួយការផ្ដល់ពិន្ទុយ៉ាងសុក្រិតពីគណកម្មាការ៕