(តាកែវ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញបទបញ្ជាឲ្យផ្អាកការងារអធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ គឺលោក ឆាយ សាវុធ ជាបណ្តោះអាសន្ន ដោយជាប់ពាក់ព័ន្ធការប្រើហិង្សាទៅលើភរិយារបស់ខ្លួន។

មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា «នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាទៅកាន់ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការផ្អាកការងារមន្ត្រីអធិការនគរបាលក្រុងដូនកែវ លោក ឆាយ សាវុធ ក្រោយហេតុការណ៍ប្រើអំពើហិង្សាវាយដំមកលើភរិយារបស់ខ្លួន»។

ការចាត់វិធានការជាបន្ទាន់នេះ ក្រោយអ្នកស្រី ពៅ សុភាព ដែលជាភរិយាមន្ត្រីអធិការនគរបាលក្រុងដូនកែវនោះ បានបង្ហោះរូបភាពអំពើហិង្សារបស់លោកវរសេនីយ៍ឯក ឆាយ សាវុធ ជាប្តី ដែលបានវាយភរិយារបស់ខ្លួនឯង ក្នុងពេលដែលភរិយាបានតាមទាន់នូវអំពើផិតក្បត់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែវិច្ឆិកា។

លោកវរសេនីយ៍ឯក ឆាយ សាវុធ បានទះកំភ្លៀងភរិយារបស់ខ្លួនឯង នៅចំពោះមុខស្រីស្នេហ៍បណ្តាលឲ្យមានស្នាមរបួសនៅលើមុខ។ លោកវរសេនីយ៍ឯក ឆាយ សាវុធ បានសារភាព ថា លោកពិតជាបានទះកំភ្លៀងភរិយារបស់ខ្លួនឯងពិតមែន ក្រោមមូលហេតុថា ភរិយារបស់លោក បានបើករថយន្តបុកពីក្រោយរថយន្តលោកបណ្តាលឲ្យរថយន្តខូចខាត។

ក្រោយការបង្ហោះរូបភាព អគ្គស្នងការនគរបាលជាតិ បានប្រញាប់ដាក់បញ្ជា៣ចំណុចទៅស្នងការ នគរបាលខេត្តតាកែវ។ បទបញ្ជាទាំង៣ រួមមាន៖

*ទី១៖ សូមផ្អាកការងារអធិការនគរបាលរូបនេះសិន ដើម្បីធ្វើការស៊ើបអង្កេត
*ទី២៖ ពិនិត្យ អង្គហេតុ និងធ្វើការសម្រុះសម្រួលជាមួយ នឹងក្រុមគ្រួសារ។ បើសិនជាសម្របសម្រួលមិនបានទេ ត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ
*ទី៣៖ ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាល ដោយចេញលិខិតព្រមាន ផ្អាកការងារអធិការនគរបាលរួបនេះ៕