(ចិន)៖ ចិននិងសិង្ហបុរី កាលពីថ្ងៃច័ន្ទ បានព្រមព្រៀងគ្នាថា នឹងពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងពង្រីកការតភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរផងដែរ។

កិច្ចព្រមព្រៀងនេះ អមជាមួយនឹងកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការជំរុញសហប្រតិបត្តិការទ្វេភាគី លើវិស័យបង្កើតបច្ចេកវិទ្យាថ្មីៗ និងវិស័យផ្សេងៗទៀត ត្រូវបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំជាច្រើន ដែលបានធ្វើឡើងនៅឯប្រទេសសិង្ហបុរី។

ការព្រមព្រៀងនេះ បានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីចិន លី ឃ័រឈាំង និងនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង។ ហើយនេះ គឺជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីចិន មកធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី បើគិតចាប់ពី១១ឆ្នាំមុនមក។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បាននិយាយថា ការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងនាំមកនូវផលប្រយោជន៍ពិតប្រាកដ មកជូនដល់ប្រជាពលរដ្ឋនិងក្រុមហ៊ុនទាំងឡាយ នៃប្រទេសទាំងពីរ ក៏ដូចជាបង្ហាញពិភពលោក ឲ្យឃើញនូវសញ្ញាដ៏រឹងមាំមួយ ដែលបញ្ជាក់អំពីការបន្តពង្រីកលំហូរពាណិជ្ជកម្មនិងវិនិយោគ។

ភាគីទាំងពីរ ក៏បានសន្យាថា នឹងពន្លឿនការកសាងច្រកសេដ្ឋកិច្ចផ្លូវគោកផ្លូវទឹកថ្មី ដែលមានផ្លូវដឹកទំនិញជាច្រើនខ្សែ ទាំងតាមផ្លូវគោកនិងតាមផ្លូវទឹក ដើម្បីតភ្ជាប់តំបន់កណ្តាល និងតំបន់និរតីរបស់ប្រទេសចិន ជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍។

អ្នកជំនាញនិយាយថា ច្រកសេដ្ឋកិច្ចនេះ នឹងជួយឱ្យប្រទេសចិន អាចបើកចំហរទីផ្សាររបស់ខ្លួនសម្រាប់ពិភពលោក បានកាន់តែទូលំទូលាយ ព្រមទាំងបង្កើតឲ្យមាននូវផ្លូវកាត់មួយ សម្រាប់ឲ្យបណ្តាប្រទេសទាំងឡាយនៅតំបន់អាស៊ីអាគ្នេយ៍ អាចចូលមកធ្វើអាជីវកម្មនៅក្នុងប្រទេសចិនបាន។

នៅក្នុងកិច្ចប្រជុំពិភាក្សានោះ លោកនាយករដ្ឋមន្ត្រីចិនបាននិយាយថា ភាគីទាំងពីរ គួរតែពង្រីកសហប្រតិបត្តិការជាមួយគ្នាឲ្យបានសកម្ម លើការងារបង្កើតទីក្រុងឆ្លាតវៃ ព្រមទាំងលើកស្ទួយដល់ការអភិវឌ្ឍការងារគ្រប់គ្រងទីក្រុង ព្រមទាំងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ។

គម្រោងសហប្រតិបត្តិការអន្តររដ្ឋាភិបាល រវាងប្រទេសចិននិងប្រទេសសិង្ហបុរី ដូចជាគម្រោងឧទ្យានឧស្សាហកម្មស៊ូចូវ និង គម្រោងទីក្រុងអេកូ ធានជីន បានលេចចេញលទ្ធផលជាផ្លែផ្កាជាច្រើន។ ឯការពង្រីកគម្រោងទីក្រុងចំណេះដឹងគ័ងចូវវិញ ក៏ត្រូវបានគេរំពឹងថា នឹងជួយផ្តល់កម្លាំងជំរុញថ្មីៗ ដល់សហប្រតិបត្តិការទ្វេភាគីជាក់ស្ដែងផងដែរ។

លោកនាយករដ្ឋមន្ត្រីចិន បានបន្ថែមថា ក្នុងនាមជាប្រទេសជិតខាងរបស់ចិននិងជាដៃគូដ៏សំខាន់របស់ចិន ប្រទេសសិង្ហបុរី បានចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងការងារធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលកំពុងបន្តកែទម្រង់នាពេលសព្វថ្ងៃនេះ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសចិនមានបំណងចង់ពង្រឹងការងារផ្នែកគមនាគមន៍ និងផ្នែកសម្របសម្រួលគ្នាជាមួយប្រទេសសិង្ហបុរី ចង់ធ្វើឱ្យសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ និងចង់ធ្វើឱ្យចំណងទ្វេភាគីបន្តអភិវឌ្ឍឈានឡើង ដល់មួយកម្រិតទៀត។

ក្រោយពីពិភាក្សារួច ថ្នាក់ដឹកនាំទាំងពីរ បានចូលរួមធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការតភ្ជាប់ទំនាក់ទំនង ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បរិស្ថាន វប្បធម៌ និងប្រពៃណី៕ (សារព័ត៌មាន CCTV របស់ចិន)