(ស្វាយរៀង)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌តំណាងលោក អង្គ​វង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញប្រកាសឱ្យចូលកាន់ តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តស្វាយរៀង ដោយលោក ឌិន ស៊ីវុទ្ធី ជំនួសលោក ប៉ិច ឈឿត ដែលត្រូវបានផ្ទេរមុខតំណែងឱ្យទៅជាប្រធានសាលាដំបូងខេត្តប៉ៃលិន។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមលោក ម៉ែន វិបុល អភិខេត្តស្វាយរៀង និងតំណាងក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមតុលាការ ចៅក្រមអយ្យការ និងមន្ត្រីរាជការនៃសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោក ព្រហ្ម សិទ្ធត្រា បានលើកឡើងថា ក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយអំពីវិស័យយុត្ដិធម៌ ដោយឈរលើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឱ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែលមានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។ ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹមត្រូវ តាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទគ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គល និងរដ្ឋជាដើម។

លោករដ្ឋលេខាធិការ ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

លោក ម៉ែន វិបុល បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកប្រធានសាលាដំបូងខេត្តចាស់ នាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមចំណែកធ្វើ ឱ្យខេត្តស្វាយរៀង ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវជំនឿជឿជាក់ថាលោកប្រធានសាលាដំបូងខេត្តថ្មី ដែលត្រូវចូលកាន់តំណែងនៅថ្ងៃនេះ នឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ប្រកបដោយការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើគោលការណ៍តម្លាភាព និងភាពយុត្តិធម៌ផ្ដល់ជូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ៕