(កំពត)៖ នៅថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត បានបើកនូវព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីអបអរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ខាងមុខនេះ។

ពិធីបានប្រព្រឹត្តទៅនៅដងពែកកំពង់បាយ មុខសាលាខេត្តកំពត ក្រោមវត្តមានអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ជាវ តាយ អភិបាលខេត្ត, លោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកអភិបាលខេត្ត ជាវ តាយ បានចាត់ទុកថា ព្រឹត្តិការណ៍ប្រណាំងទូកនាពេលនោះ គឺធ្វើឡើងស្របតាមប្រពៃណីជាតិ បុរមបូរាណកាល ដើម្បីបង្កលក្ខណៈឲ្យមានភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាការចូលរួមអបអរសារទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១, ២២, ២៣ ខែវិច្ឆិកា ខាងមុខដ៏ខ្លីនេះ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

លោក ជាវ តាយ ក៏បានចាត់ទុកថា រដ្ឋបាលខេត្តកំពត ដែលបានរៀបចំពិធីដ៏សប្បាយរីករាយនាពេលនេះ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ផងដែរ ក្នុងការអភិឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងគោលដៅឆ្នាំ ២០១២-២០២០ ដែលធ្វើបាន សំដៅឲ្យកម្ពុជាយើង កំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សរឹងមាំ សក្តិសមជា «មាសបៃតង» និងរំពឹងទុកថាសម្រាប់ខេត្តកំពត នឹងមានកំណើនភ្ញៀវទេសចរ មកលេងកម្សាន្តកើនឡើងទ្វេរដងថែមទៀត។

លោក ជាវ តាយ បានបន្តទៀតថា កម្ពុជាយើងបច្ចុប្បន្ន ជាប្រទេសដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់កាន់តែល្អ ហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើនលូតលាស់គ្រប់ទីកន្លែង និងគ្រប់វិស័យ ដែលកត្តាទាំងនេះ ធ្វើឲ្យជីវភាពប្រជាជនបានកើនឡើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រ យ៉ាងពិតប្រាកដ។

តាមការឲ្យដឹងរបស់គណៈកម្មការបច្ចេកទេស រៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតនេះមានចំនួនមួយថ្ងៃ មានទូកចូលរួមប្រកួតចំនួនបីប្រភេទ សរុប៦៩ទូកមានកីឡាករចំនួន៤៧៣នាក់។ ក្នុងនោះទូកសមុទ្រមានចំនួន១៨គូរ និងទូកគូរចំនួន៨គូរ មានរយៈចម្ងាយប្រណាំង៥០០ម៉ែត្រ រីឯទូកនូកាយ៉ាក់ ចំនួន៩គូរ ក្នុងរយៈចំងាយប្រណាំង២០០ម៉ែត្រ៕