(កំពង់ស្ពឺ)៖ ស្រ្តីឈ្មោះ ភឿង សោភ័ន អាយុ២៥ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឲ្យចាត់វិធានការ និងចេញដីកាបញ្ជាឲ្យចាប់ខ្លួនស្រ្តីម្នាក់ឈ្មោះ ឌុច ច័ន្ទរស្មី ពីបទក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ដែលបានចែងក្នុងមាត្រា៦២៦ មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកថា អ្នកស្រី សោភ័ន និងស្រ្តីឈ្មោះ ឌុច ច័ន្ទរស្មី ពីមុនបានសហការគ្នារកស៊ីចងការប្រាក់ជាមួយគ្នា ប៉ុន្តែក្រោយមកអ្នកស្រី សោភ័ន ត្រូវបានបងប្អូនអាជីវករជាច្រើននាក់ បានដាក់ពាក្យប្តឹង ទៅកាន់សមត្ថកិច្ច និងតុលាការចាប់ខ្លួនរូបគាត់ដាក់ពន្ធនាគារ។ លុះក្រោយមក និងតាមការស្រាវជ្រាវមកនោះ តាមពិតអ្នកស្រី សោភ័ន ក៏ចាញ់បោកស្រ្តីឈ្មោះ ឌុច ច័ន្ទរស្មី ផងដែរ ដោយស្រ្តីរូបនេះ បានក្លែងស្នាមមេដៃរបស់អ្នកស្រី ដើរខ្ចីលុយជាច្រើនរហូតដល់ម៉ឺនដុល្លារទៀតផង។

ហេតុដូច្នេះហើយអ្នកស្រី ភឿន សោភ័ន កាលពីថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៨ បន្ទាប់ពីខ្លួនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បានដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញា ចាត់ការទៅលើស្រ្តីឈ្មោះ ឌុច​ ច័ន្ទរស្មី ដែលបាននិងកំពុងរត់គេចខ្លួន។

អ្នកស្រី ភឿង សោភ័ន បានឲ្យដឹងថា កន្លងមកស្ត្រីឈ្មោះ ឌុច ច័ន្ទរស្មី ក៏ស្ថិតក្នុងក្រុមហាងបញ្ចាំឈ្មោះ ស៊ឹម ផល្លី ដែលមានតួនាទី ក្នុងការដើរសម្របសម្រួលខ្ចីប្រាក់ និងចងការប្រាក់ជាមួយគ្នា រហូតបានពាក់ព័ន្ធបញ្ហាខាតបង់ប្រាក់ជាច្រើនកន្លងមក។

ក្រោយមកមានព័ត៌មានលេចឮថា ឈ្មោះ ឌុច ច័ន្ទរស្មី ដើរភូកុហកអតិថិជនថា លុយដែលខ្លួនខ្ចីពីបងប្អូនអាជីវករទាំងអស់ បានយកមកឲ្យឈ្មោះ ភឿង សោភ័ន ជាអ្នកទុកទាំងអស់។ តែតាមពិត ទឹកលុយដ៏ច្រើននេះគាត់មិនបានដឹងទេ ហើយលុយនេះ ឌុច ច័ន្ទរស្មី ដើរយកពីបងប្អូនរបស់ខ្លួន ដោយរត់គេចខ្លួនមកដល់សព្វថ្ងៃ និងបានទម្លាក់កំហុសទាំងស្រុងមកលើអ្នកស្រី ដោយសារមានការក្លែង ឯកសារបោកប្រាស់នេះថានាងបានខ្ចី។

ស្រ្តីឈ្មោះ ភឿង សោភ័ន បានទទួលស្គាល់ដែរថា មានប្រាក់ជាច្រើនដែលកើតចេញពីការខាតបង់របស់ហាងបញ្ចាំ ស៊ឹម ផល្លី សប តែគាត់បានទទួលខុសត្រូវ និងរកស៊ីសងដល់អតិថិជនបណ្តើរៗទៅតាមលទ្ធភាពផងដែរ៕

សូមបញ្ជាក់ថា អ្នកស្រី ភឿន សុភ័ន ត្រូវតុលាកាសម្រេចបញ្ជូនខ្លួនចូលពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមបទចោទថា បានបោកលុយពីអាជីវករច្រើននាក់ខ្ទង់លានដុល្លារ៕