(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការកាត់ទោសជនជាប់ចោទ នួន ជា និងខៀវ សំផន ជាមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់តុលាការខ្មែរក្រហម ដែលត្រូវបានចេញផ្សាយជា៣ភាសា និងបណ្តាញព័ត៌មាន Fresh News ទទូលបាននៅមុននេះបន្តិច។

សូមបញ្ជាក់ថា សវនាការដេញដោលពិនិត្យភស្តុតាងសំណុំរឿង ០០២/០២ បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង មានរយៈពេលសរុបចំនួន ២៨៣ថ្ងៃ។

ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន ១៨៥នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និងអ្នកជំនាញចំនួន ៨ នាក់។ សវនាការនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះដោយផ្ទាល់ សរុបចំនួន ៨២,៧៨០នាក់។

ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចតទៅ៖ ការដ្ឋានការងារ និងសហ- ករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។

អង្គជំនុំជម្រះក៏បានបើកសវនាការដេញដោលពិនិត្យភ័ស្តុតាងលើការចោទប្រកាន់អំពីលក្ខណៈនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជាប្រជាធិបតេយ្យនិងសាធារណរដ្ឋសង្គមនិយមវៀតណាម តួនាទីរបស់ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភ័ស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕