(ត្បូងឃ្មុំ)៖ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ ដោយលោក ឡុង ហុកម៉េង ត្រូវបានតែងតាំងជំនួសលោក ហៀង សុភក្ត្រ ដែលត្រូវផ្ទេរទៅ ព្រះរាជអាជ្ញា នៃអយ្យការ​អម​សាលា​ដំបូង ​ខេត្តមណ្ឌលគិរី។

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមពីលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក ជុំ ស ប្រធាសាលាដំបូងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការអាវុធហត្ថខេត្ត, បញ្ជាការតំបន់ប្រតិបត្តិការរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញារង មន្ដ្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក៏បានណែនាំ និងផ្តាំផ្ញើដល់ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ ដែលចូលកាន់តំណែងថ្មីនេះ រួមជាមួយលោកប្រធានសាលាដំបូងខេត្ត ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះដែរលោក ឡុង ហុកម៉េង ព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ បានឡើងធ្វើការប្តេជ្ញាចិត្ត ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និងសហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ក៏បានស្នើឲ្យព្រះរាជ​អាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហា បណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌៕