(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន​​​ Fresh News នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សួន វិសាល ប្រធានគណៈមេធាវី បានប្រតិកម្មម្តងទៀត ចំពោះលោក​ ហ៊ាង រិទ្ធី ដែលបានហៅតួនាទីមេធាវីថា ជាតួនាទីតូចតាចកំប៉ិកកំប៉ុក នៅក្នុងសង្គម។

ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពី លោក ហ៊ាង រិទ្ធី បានចេញមុខទទួលស្គាល់តាមរយៈវិទ្យុអាស៊ីសេរីថា លោកមិនមែនជាមេធាវី ដែលមានឈ្មោះត្រឹមត្រូវនៅក្នុងបញ្ជីគណៈមេធាវីនោះទេ។ ជាមួយគ្នានេះ លោកអះអាងថា លោកមានតួនាទីធំៗជាច្រើន ដោយមិនចង់បានតួនាទី ឬងារជាមេធាវីនោះទេ។

លោក សួន វិសាល បានបដិសេធមិនទទួលយកការបកស្រាយរបស់ លោក ហ៊ាង រិទ្ធី ដោយសារតែកន្លងមក លោកបានប្រើប្រាស់ការបន្លំតួនាទីជាមេធាវីនៅតាមបណ្តាញ ព័ត៌មានជាពិសេស នៅលើវិទ្យុអាស៊ីសេរីតែម្តង។ មិនតែប៉ុណ្ណោះលោកអះអាងថា លោក ហ៊ាង រិទ្ធី ជាមនុស្សមិនចេះគោរពសម្តីដោយ ពេលមុនលោកបកស្រាយថា មេធាវីជាអ្នកប្រាជ្ញ តែពេលនេះលោកបែរជាបកស្រាយផ្សេងទៅវិញ។

លោក សួន វិសាល បានពន្យល់ថា មេធាវីមានតួនាទីសំខាន់ណាស់ ក្នុងការបម្រើឱ្យវិស័យយុត្តិធម៌ និងជួយរកជូនពលរដ្ឋ ក្នុងប្រព័ន្ធតុលាការ។ វាជាតួនាទីដ៏មានសារសំខាន់ នៅក្នុងសង្គមមិនអាចខ្វះបាន ហើយមិនអាចនិយាយថា ជាតួនាទីតូចតាចនោះទេ។

សូមបញ្ជាក់ថា ក្នុងសេចក្តីប្រកាស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ គណៈមេធាវី ក៏បានប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះ លោក ហ៊ាង រិទ្ធី ដែលបានប្រើប្រាស់តួនាទី មេធាវីកន្លងមក នៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរ៕