(ភ្នំពេញ)៖ ក្រសួងអប់រំម៉ាឡេស៊ី និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានសហការរៀបចំការតាំងពិព័រណ៍ការអប់រំ ឆ្នាំ២០១៨ ស្តីពី «ការសិក្សានៅប្រទេសម៉ាទ្បេស៊ី និងឱកាសការងារ» នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នា២០១៨ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍អប់រំ និងការធ្វើបទបង្ហាញដោយក្រុមហ៊ុនឯកជនម៉ាឡេស៊ី នៅកម្ពុជា។

គោលបំណងនៃការតាំងពិព័រណ៍នេះ គឺដើម្បី៖ ១-បង្កើតកិច្ចសហការ និងទំនាក់ទំនងរវាងគ្រឹះស្ថានឧត្តម-សិក្សាម៉ាទ្បេស៊ី និងកម្ពុជា ក្នុងការជំរុញការចល័តនិស្សិត ការផ្លាស់ប្តូរបុគ្គលិក និងការធ្វើគម្រោងស្រាវជ្រាវរួមគ្នា។ ២- បង្កើតកិច្ចសហប្រតិបត្តិការរវាងម៉ាទ្បេស៊ី និងកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និង៣-ចែករំលែកព័ត៌មានដល់និស្សិតកម្ពុជាអំពីការសិក្សានៅម៉ាទ្បេស៊ី និងឱកាសការងារនៅក្នុងក្រុមហ៊ុនម៉ាទ្បេស៊ីដែលកំពុងប្រតិបត្តិការនៅកម្ពុជា ។

ការតាំងពិព័រណ៍នេះនឹងអញ្ជើញចូលរួមបើកជាផ្លូវការដោយ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា, Dato’ Dr. Rujhan Mustafa, នាយកប្រតិបត្តិនៃ EMGS នៃក្រសួងអប់រំម៉ាទ្បេស៊ី និងលោក Ruzaimi Mohamad អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា។

ការតាំងពិព័រណ៍នេះ មានការចូលរួមពីគ្រឹះស្ថានសិក្សារបស់ម៉ាឡេស៊ីចំនួន៤៧។ ចំនួននេះ នឹងធ្វើឱ្យការតាំងពិព័រណ៍នេះ នៅក្នុងប្រទេសកម្ពុជា ក្លាយជាព្រឹត្តការណ៍មួយដែលមានការចូលរួមច្រើនបំផុត ពីគ្រឹះស្ថានសិក្សារបស់ម៉ាទ្បេស៊ី ។ បច្ចុប្បន្ននេះ និស្សិតអន្តរជាតិប្រមាណ ១៨០,០០០នាក់កំពុងតែសិក្សានៅប្រទេសម៉ាទ្បេស៊ី។ ចំនួននិស្សិតអន្តរជាតិនេះបានធ្វើឱ្យម៉ាទ្បេស៊ីក្លាយ ជាប្រទេសគោលដៅមួយសម្រាប់ការសិក្សានៅលើពិភពលោក ដោយនិស្សិតនឹងទទួលបានសញ្ញាប័ត្រពីគ្រឹះសិក្សាដែលមានការទទួលស្គាល់កម្រិតខ្ពស់ និងតម្លៃសមរម្យ៕