(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០​១៨នេះ បានដឹកនាំកិច្ចប្រជុំកម្លាំងសមត្ថកិច្ចចម្រុះមួយ ដើម្បីរៀបចំផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពនានាដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ដែលបានប្រារព្ធធ្វើនៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ​នឹងត្រូវប្រព្រឹត្ដិទៅចាប់​ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨​ខាងមុខនេះ នៅទន្លេបួនមុខ មុខព្រះបរមរាជវាំង។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅរបស់សាលារាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមតំបន់ A B និងC ក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់ ដើម្បីការពារព្រះរាជពិធីមួយនេះ។​

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានអំពាវនាវផងដែរ ដល់ម្ចាស់អាជីវករដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ ក្នុងធ្វើដំណើរចូលរាជធានីភ្នំពេញ នៅថ្ងៃដែលរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយសម្រាប់អ្នកដែលមកកម្សាន្ដ ក៏កុំជិះរថយន្ដចូលទៅបរិវេណ ទីតាំងប្រារព្ធពិធីផងដែរ ព្រោះចៀសវាងការកកស្ទះចរាចរណ៍៕