(ភ្នំពេញ)៖ ខណៈនៅតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមប្រកាសសាលក្រមសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហមបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ដោយដាក់ចំណងជើងថា «ការចងចាំមិនអាចបំភ្លេចបាន» ដោយរំលេចរូបថតប៉ុន្មានសន្លឹកអមជាមួយបង្ហាញពីសកម្មភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលពេលសម្តេចនៅរស់រានមានជីវិតបានចូលរួមយ៉ាង សកម្មនៅក្នុងការងារកសាង និងអភិវឌ្ឍជាតិ ហើយជាពិសេសជាងនេះ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវដឹកនាំការចរចាបង្កើតសាលាក្តីខ្មែរក្រហមជាមួយអង្គការសហប្រជាជាតិ។

សាលាក្តីខ្មែរក្រហមដែលនឹង ទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតគឺសាលក្រមសំណុំរឿង ០០២/០២ ដែលបានចោទប្រកាន់ នួន ជា និងខៀវ សំផន ពីឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ ការរំលោភបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ (ឧក្រិដ្ឋកម្មសង្គ្រាម) និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងជនជាតិវៀតណាម។

ខាងក្រោមនេះគឺជាសំណេររបស់លោក នេត្រ ភក្ត្រា៖

នៅថ្ងៃនេះ ខ្ញុំបាទមានឱកាសបានមកអុជធូបរំឭកវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកសាលាក្តីខ្មែរក្រហមដើម្បីជម្រាបជូនដល់វិញ្ញាណក្ខន្ធសម្តេច ពីការប្រកាសសាលក្រមដែលអង្គជំនុំជម្រះសាលាដំបូងនឹងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា។ ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានសរសេរលិខិតជូនឯកឧត្តម កូហ្វី អាណាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិស្នើសុំជំនួយគាំទ្របង្កើតតុលាការដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរបប ខ្មែរក្រហមនៅខែមិថុនា ឆ្នាំ១៩៩៧ សម្តេច សុខ អាន បានដើរតួនាទីសំខាន់ក្នុងការចរចាជាមួយភាគី អ.ស.ប ដើម្បីបង្កើតតុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះឡើង។

ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច សុខ អាន បានធ្វើឱ្យតុលាការខ្មែរក្រហមកើតចេញជារូបរាងឡើង និងបាននាំយកអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរយកមកជំនុំជម្រះក្តីដើម្បី៖

ទី១) នាំយកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងមនុស្សជាតិទាំងមូល ទី២) ចូលរួមក្នុងការស្វែងរកការពិតនៃប្រវត្តិសាស្ត្រខ្មែរក្រហម ទី៣) ផ្សះផ្សាជាតិ ទី៤) ផ្សះផ្សាផ្លូវចិត្តជនរងគ្រោះ និងទី៥) ការចងចាំ និងទប់ស្កាត់ បង្ការការវិលត្រឡប់មកវិញនៃរបបសាហាវឃោរឃៅ។ សម្តេចវិបុលបញ្ញា សុខ អាន បានលះបង់កម្លាំងកាយ កម្លាំងចិត្តបញ្ញាចំពោះដំណើរការស្វែងរក យុត្តិធម៌ជូនជនរងគ្រោះ នៃរបបខ្មែរក្រហម។ រហូតដល់ដង្ហើមចុងក្រោយក៏សម្តេច សុខ អាន គិតពីការងារប្រទេសជាតិ និងជាពិសេសធ្វើឱ្យ សាលាក្តីខ្មែរក្រហម អាចបញ្ចប់បេសកកម្ម របស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព។

នៅចំពោះមុខបរមអិដ្ឋធាតុរបស់សម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំបាទបានជម្រាបជូនវិញ្ញាណក្ខន្ធសម្តេចថាតុលាការខ្មែរក្រហមដែលសម្តេចបានលះបង់សព្វបែបយ៉ាងមិនខ្លាច នឿយហត់នឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា សម្រាប់ជនរងគ្រោះ និងសម្រាប់មនុស្សជាតិទាំងមូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខ។ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ជាថ្ងៃដែលអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ ចោទ នួន ជា និងខៀវ សំផន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម។ អ្វីៗអាចមាននៅពេលនេះ គឺដោយសារតែការខិតខំប្រឹងប្រែង លះបង់របស់សម្តេចនៅពេលកន្លងមក! នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់សាលាក្តី និងជនរងគ្រោះ ព្រមទាំងសម្រាប់យុត្តិធម៌អន្តរជាតិ។

ធូបដែលបានអុជបូជា ការវន្ទាគោរពវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ដែលខ្ញុំបានធ្វើគឺដើម្បីរំឭកគុណមិនអាចកាត់ថ្លៃបានដែលសម្តេចបានបង្ហាត់បង្រៀន ណែនាំ ពង្រឹងវិជ្ជាជីវៈ និងការទទួលខុសត្រូវ គោរព គុណធម៌ សីលធម៌ដល់យើងខ្ញុំ និងបង្រៀនមនុស្សឱ្យគោរពតម្លៃមនុស្ស និងបម្រើប្រជាជន។ សូមវិញ្ញាណក្ខន្ធសម្តេច សុខ អាន បានសោយសុខក្នុងសុគតិភព!