(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននឹងកំពុងពង្រឹងសុវត្ថិភាពផ្លូវអាកាស ដោយបញ្ចប់គម្រោងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធអ៊ុតផ្លូវរត់យន្តហោះថ្មី ប្រវែងជាង ៣ពាន់ម៉្រែត ដែលចំណាយថវិការជាង ១២លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ ចូលមកកាន់កម្ពុជា ក៏ដូចជាដើម្បីធានាដល់សុវត្ថិភាព ក្នុងការចុះចតយន្តហោះប្រភេទធំៗ ហើយមួយវិញទៀត គឺដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់នាពេលខាងមុខផងដែរ។

ក្នុងពិធីប្រោះព្រំបញ្ចប់គម្រោងអ៊ុតផ្លូវរត់ យន្តហោះថ្មី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អេរីក ឌឺឡូប៊ែល( ERIC DELOBEL) នាយកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានរៀបចំដូចជា អ៊ុតផ្លូវរត់ យន្តហោះថ្មី ប្រវែង ៣,០០០ម៉ែត្រ, បំពាក់សញ្ញា និងសំគាល់, និងបំពាក់ប្រព័ន្ធភ្លើងនាំផ្លូវចុះចតថ្មីឡើងវិញ នៅតាមផ្លូវរត់យន្តហោះ ដោយប្រើប្រាស់អំពូល LED ដែលបានចំណាយពេលជាង៦ខែ និងបានចំណាយថវិកាប្រមាណ ១២លានដុល្លារផងដែរ ហើយចំពោះការជួសជុលនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរឡើងចុះរបស់យន្តហោះប្រចាំថ្ងៃនោះទេ។

លោកនាយក បានបញ្ជាក់ទៀតថា «សម្រាប់ព្រលានយន្តអន្តរជាតិភ្នំពេញ ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការហោះហើរមានការកើនឡើង រហូតដល់ទៅ២០% បើធៀបនឹងឆ្នាំមុន ដែលមានយន្តហោះចុះចតត្រឹមតែ៥ម៉ឺន ទៅ៥ម៉ឺន៥ពាន់គ្រឿងតែប៉ុណ្ណោះ ដូចនេះហើយគោលបំណងសំខាន់ នៃការជួសជុល និងការកែលំអរថ្មីនេះ គឺដើម្បីធានាឲ្យការចុះចតយន្តហោះគ្រប់ប្រភេទ ប្រកបដោយសុវត្ថិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល១៥ឆ្នាំខាងមុខទៀត»។

លោកបានបន្តថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងមានគម្រោងអភិវឌ្ឍជាបន្តបន្ទាប់ទៀត ពោល គឺមានចក្ខុវិស័យ សម្រាប់ពង្រីកចំណតយន្តហោះឲ្យបាន១០កន្លែងថែមទៀត ក៏ដូចជាពង្រីកអគារសម្រាប់ទទួលភ្ញៀវ អគារសម្រាប់លក់ដូរចំណីអាហារឲ្យសម្បូរបែប ហើយក្នុងពេលបច្ចុប្បន្ននេះ ក៏បានកំពុងកសាងអគារថ្មីមួយសម្រាប់ទុកដាក់រថយន្តដឹកសម្ភារៈ, ដឹកភ្ញៀវទេសចរ, និងរថយន្តពន្លត់អគ្គិភ័យផងដែរ។

ក្នុងឱកាសនោះដែរ លោក សយ សុខាន់ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា «ការចាក់ពង្រឹងផ្លូវរត់ យន្តហោះថ្មីនេះ គឺជាការស្ថាបនាផ្លូវរត់ថ្មីមួយ ឲ្យមានស្តង់ដារទំនើប ដោយធានាបាននូវសុវត្តិភាពខ្ពស់ និងការទាក់ទាញភ្ញៀវទេសចរផងដែរ»

ជាមួយគ្នានោះ លោកបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល តាមរយៈអាកាសចរណ៍ស៊ីវិល បាននិងកំពុងពិនិត្យលទ្ធភាពលើគម្រោង ក្នុងការអភិវឌ្ឍ អាកាសយានដ្ឋាន ក្នុងស្រុកបន្ថែមមួយចំនួនទៀត ដូចជានៅខេត្តស្ទឹងត្រែង, ប៉ោយប៉ែត, រតនគិរី,  និងមណ្ឌលគិរីជាដើម។ ដោយឡែករាជរដ្ឋាភិបាលក៏បានសម្រេច ឲ្យមានការសាងសង់ព្រលានយន្តហោះថ្មីមួយទៀត លំដាប់ថ្នាក់ For E នៅខេត្តសៀមរាប ដែលអាចចុះចត យន្តហោះបានគ្រប់ប្រភេទ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុន ហោះហើរអន្តរជាតិចំនួន៣៨ និងក្រុមហ៊ុនក្នុងស្រុកចំនួន៨ កំពុងហោះហើរប្រត្តិការចេញពីក្នុងស្រុកទៅក្រៅប្រទេស។ ជាមួយគ្នានេះ ក៏មានសមត្ថភាពទទួលទេសចរណ៍ ដែលនៅឆ្នាំ២០១៧ ទទួលបាន ៨លាននាក់ និងឆ្នាំ២០១៨នេះ ទទួលបាន១០លាននាក់ ហើយរំពឹងថានៅឆ្នាំ២០១៩ខាងមុខនេះ មានភ្ញៀវទេសចរចេញចូល តាមច្រកអន្តរជាតិនេះ មានការកើនឡើងរហូតដល់ទៅ១២លាននាក់ផងដែរ៕