(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) និងលោកស្រី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមសម្ពោធទីតាំងសួនដាំបន្លែធម្មជាតិ កម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល។

សួនបន្លែធម្មជាតិ កម្ពុជា- ជប៉ុននេះ ត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការ ពីអ្នកជំនាញការមកពីប្រទេសជប៉ុន ដើម្បីដាំដុះបន្លែសេរីរាង្គប្រកបដោយគុណភាព មិនមានជាតិគីមី ដោយឈរលើគោលការណ៍ ផាសុខភាពប្រជាពលរដ្ឋជាធំ។

កន្លងមកដោយមើលឃើញថា បងប្អូនប្រជាកសិករមួយចំនួន បានដាំដុះបន្លែដោយដាក់សារធាតុគីមីហួសប្រមាណ ដែលទង្វើនេះបានបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ដូចនេះ ដើម្បីផ្លាស់ប្តូរទម្លាប់ នៃការដាំដុះបន្លៃរបស់កសិករ ដោយប្រើប្រាស់សារធាតុគីមី និងងាកមកដាំដុះបន្លែ ដោយប្រើបច្ចេកទេសធម្មជាតិវិញ។

ក្នុងឱកាសនោះផងដែរ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានស្នើឲ្យរៀបចំបង្កើតសួនបន្លែធម្មជាតិ ដាំដុះសាកល្បងនៅក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល ដោយមានកិច្ចសហការបច្ចេកទេស ពីក្រុមការងារមកពីប្រទេសជប៉ុនដោយផ្ទាល់។

ក្នុងករណីសួនបន្លែធម្មជាតិនេះ ដាំដុះទទួលបានជោគជ័យ លោក កៅ ថាច នឹងស្នើសុំបន្តធ្វើការពង្រីកការដាំដុះ ទៅគ្រប់បណ្តាទីតាំងតាមឃុំ ស្រុក ខេត្ត និងតាមបណ្តាតំបន់អ្នកផលិតបន្លែ ដោយចងក្រងប្រជាកសិករ អ្នកដាំបន្លែជាសហគមន៍ ហើយក្នុងនោះ មានការផ្តល់នូវបច្ចេកទេស ជី ពូជ និងជួយរកទីផ្សារជូនដល់បងប្អូនសហគមន៍ផងដែរ។

លោក កៅ ថាច សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវត្តមានសួនបន្លែធម្មជាតិកម្ពុជា-ជប៉ុន នៅក្នុងភូមិសាស្ត្រនេះ នឹងធ្វើជាគំរូដល់កសិករ ក្នុងការផ្លាស់ប្តូរជាវិជ្ជមានចំពោះទម្លាប់ នៃការដាំដុះដោយប្រើសារធាតុគីមី ដោយជំនួសការដាំដុះដោយធម្មជាតិវិញ ហើយយើងអាចកាត់បន្ថយបាននូវការនាំចូលបន្លែ ដែលមានសារធាតុគីមីពីបរទេសផងដែរ៕