(មណ្ឌលគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ​ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញបូជា ទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះសម្មាសម្ពុទ្ធ​ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ ​នៅវត្ត សែនមនោរម្យ​ និងវត្តព្រះពុទ្ធមណ្ឌលគិរី នៅខេត្ដមណ្ឌលគិរី ​។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ មានសទ្ធាជ្រះថ្លា និងព្រះពុទ្ធសាសនា បានប្រគេនបច្ច័យផ្ទាល់ខ្លួនផងដែរ និងជូននូវអំណោយដល់យាយជី​ តាអាចារ្យវត្ត​ និងសិស្សានុសិស្សសរុបចំនួន​៧៥នាក់​ ក្នុងម្នាក់ៗទទួលបាន​ថវិកា​៥ម៉ឺនរៀល​ និងក្រណាត់ស​១ដុំ​ ថវិកា​១ម៉ឺនរៀល​ទៀត ។

សូមជម្រាបថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយក្នុងព្រះពុទ្ធសាសនាតែងតែដឹកនាំ មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា​ និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប​ ផ្កាភ្ញី​ ថ្វាយព្រះសម្មាសម្ពុទ្ធ​ និងនាំយកទេយ្យវត្ថុជាច្រើន​ រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់​ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរីកចម្រើន។

កាយវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងពុទ្ធសាសនានេះ​ ទទួលបានការវាយតម្លៃ​ និងកោតសរសើរខ្ពស់ ពីព្រះសង្ឃ​ យាយជី​ អាចារ្យវត្ដ និងប្រជាពុទ្ធបរិស័ទទូទៅ ។

សូមជម្រាបថា ក្រៅពីកាយវិការដ៏ថ្លៃថ្លា ក្នុងព្រះពុទ្ធសាសនា ដោយនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្ដចំនួន២ នៅខេត្ដមណ្ឌលគិរីនៅថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ក្នុងរយៈពេល២ថ្ងៃមកនេះ នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះជិត៤ពាន់គ្រួសារផងដែរ នៅខេត្ដមណ្ឌលគិរីផងដែរ៕