(ភ្នំពេញ)៖ លោក កង ណែម រដ្ឋលេខាធិការតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព លោក ខឹម ជាសោភ័ណ អនុរដ្ឋលេខាធិការក្រសួង ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១២៖៤៥នាទីរំលងអាធ្រាត្រថ្ងៃអង្គារ៍ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ពិធីត្រូវបានប្រារព្ធធ្វើឡើងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ស្ថិតសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។

លោក កង ណែម ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញានក្ខន្ធរបស់លោក ខឹម ជាសោភ័ណ បានទៅកាន់សុគិភពកុំបី ឃ្លៀបឃ្លាតឡើយ។

ជាចុងក្រោយ ក៏មានការប្រទានភ្លើងបូជាសព ពីសំណាក់ព្រះភិក្ខុកុសលរក្ខិតោ ខេន សុខនៅ ព្រះចៅអធិការវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ជាកិច្ចបង្ហើយបុណ្យផងដែរ។

សម្រាប់កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ ក៏ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១១កើត ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៣៖០០រសៀល ជួបជុំពុទ្ធិបរិស័ទ្ធ ញាតិមិត្តជិតឆ្ងាយ ដើម្បីប្រារព្ធកិច្ចនមស្សការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា។ លុះព្រឹកឡើងថ្ងៃច័ន្ទ ខែឆ្នាំដដែលត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រគេនយាគូព្រះសង្ឃ និងរាប់បាត្រជាកិច្ចបង្ហើយបុណ្យ៕