(សិង្ហបុរី)៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េលើកទី២១ ត្រូវបានធ្វើឡើងដូចការគ្រោងទុកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ និងមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ កិច្ចប្រជុំដែលធ្វើឡើងក្រោមប្រធានបទ «ការពិនិត្យឡើងវិញ និងទិសដៅអនាសគត នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី» ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសបូកបី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក ពិសេសបានសំដែងនូវវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។

មេដឹកនាំទាំងអស់បានចាត់ទុកថា ក្នុងពេលពីរទសវត្សរ៍កន្លងមក កិច្ចសហប្រតិបត្តិការរបស់យើងមានសន្ទុះកាន់តែខ្លាំង មានលក្ខណៈកាន់តែទូលំទូលាយជាងមុន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សន្ដិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ីបូព៌ា។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីចំណាប់ និងទស្សនទានមួយចំនួន ឆ្លើយតបទៅនឹងបញ្ហារបស់តំបន់ និងពិភពលោក ដែលទាមទារឲ្យអាស៊ាន និងប្រទេសដៃគូទាំង៣ចូលរួមដោះស្រាយ។ បញ្ហាដែលសម្តេចតេជោ បានលើកឡើងរួមមាន៖

ទី១. ត្រូវបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវផែនការការងារសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) ជាពិសេសលើវិស័យនៃការតភ្ជាប់ក្នុងតំបន់អាស៊ាន និងរវាងអាស៊ាន ជាមួយប្រទេសបូកបី វិស័យសហគ្រាសធុនតូចនិងមធ្យម និងវិស័យពាណិជ្ជកម្មសេរី។ សម្តេចស្នើឲ្យប្រទេសបូកបី បន្ដផ្ដល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសបូកបី ឱ្យកាន់តែច្រើនមកអាស៊ាន ជាពិសេសមកសមាជិក អាស៊ានដែលមានការអភិវឌ្ឍតិចតួច ក្នុងគោលដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។

ទី២. ពិភពលោក និងតំបន់ បាននិងកំពុងទទួលរកគ្រោះមហន្តរាយកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរឡើង។ ហេតុនេះកម្ពុជាសូមជំរុញលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបីទាំងអស់ បន្តផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនថែមទៀត លើការការពារបិស្ថាន និងធនធានធម្មជាតិ ក្នុងគោលដៅកសាងសហគមន៍មួយនេះឱ្យបានរឹងមាំ, មានការអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០៣០។

ទី៣. សម្តេចសូមវាយតម្លៃខ្ពស់ចំពោះការបន្តពង្រឹងយន្ដការ ដែលបានដាក់ឱ្យដំណើរការបណ្ដាញ ក្នុងអ្នកវិភាគអាស៊ីបូព៌ានិងក្រុមធុរកិច្ចអាស៊ីបូព៌ា និងបានកត់សម្គាល់នូវរាល់អនុសាសន៍ទាំងឡាយដែលយន្តការទាំងនេះ បានដាក់ចេញក្នុងគោលដៅជំរុញ កិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ឱ្យកាន់តែប្រសើរឡើង។

ទី៤. ខ្ញុំពិតជាមានសេចក្ដីរីករាយ ដោយបានឃើញកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យសុខាភិបាល មានការរីចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការដាក់ចេញនូវសេចក្ដី ប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងភាពស៊ាំងទៅនឹងឱសងអង់ទីប៊ីយោទិក។

នៅក្នុងវិស័យសិខាភិបាលនេះដែរ ខ្ញុំសូមអនុញ្ញាតទាញអារម្មណ៍ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូកបី អំពីបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងតែបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាព និងសុខមាលភាពរបស់ប្រជាជន។ ឱសថក្លែងក្លាយ និងអន់គុណភាព ជាឃាតកលាក់មុខបំផុត សម្រាប់ប្រជាជនក្រីក្រ ហើយក៏បង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព តម្រូវឱ្យមានកិច្ចសហការល្អប្រសើរ រវាងប្រទេសទាំងអស់ក្នុងតំបន់។ ក្នុងន័យនេះ កម្ពុជាស្នើសុំដាក់ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពទៅជារបៀបវារៈដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបីនៃហើយ។

ទី៥. ជាមួយនឹងនិន្នាការគាំពានិយម ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មសេរីចុះអន់ខ្សោយ។ តាមរយះនេះសម្តេច សូមស្នើឱ្យប្រទេសបូកបីជួយជំរុញ និងបញ្ចប់ការចរចាភាពជាដៃគូរសេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំប់ន (RCEP) នៅឆ្នាំ២០១៩។

ទន្ទឹមនេះ សម្តេចតេជោ ក៏បានប្រកាសស្វាគមន៍នូវគម្រោងស្រាវជ្រាវរួមគ្នាស្ដីពីកិច្ចសហប្រតិបត្តិការ១០+៣ សម្រាប់ការធ្វើឱ្យប្រសើរជាងមុននៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងជួយដល់ការតភ្ជាប់និងផែនការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបីលើកទី២១នោះដែរ បណ្តាមេដឹកនាំអាស៊ាននិងប្រទេសបូកបី បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២១។

សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំទៅនិងឱសថអង់ទីប៊ីយោទិក។ របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ២០១៨-២០២២។ សំណើរគម្រោងសម្រាប់ការ សិក្សារួមស្តីពីកិច្វសហប្រតិបត្តិការ10+3 សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ចង្វាក់ផលិតកម្ម។

កម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០១៩-២០២០។ អនុស្សារណៈលេខ១៥ នៃបណ្តាញក្រុមអ្នកវិភាគអាស៊ីបូព៌ា។ គោលនយោបាយសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបី អាស៊ានបូកបីនិងហានិភ័យខាងក្រៅ «ការទ្រទ្រង់ការអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបត្តិការ» និងរបាយកត់សំគាល់នៃកិច្ចប្រជុំវេទិកាអាស៊ីបូព៌ាលើកទី១៦៕