(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមសម្អាតផ្លូវនានាក្នុងទីក្រុងភ្នំពេញ ដើម្បីត្រៀមស្វារគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅទីក្រុងភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

ការសំអាតផ្លូវនេះក្រុមហ៊ុន បានប្រើប្រាស់រថយន្តចំនួន៤គ្រឿង កំពុងធ្វើការសម្អាតក្នុងទីក្រុងភ្នំពេញ ដោយផ្តើមពីថ្ងៃទី១៥ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ហុង អាន ប្រធានក្រុមអ្នកបើកបររថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា «រៀងរាល់ថ្ងៃ ពួកយើងចេញធ្វើប្រត្តិបត្តិការ សម្អាតផ្លូវក្នុងទីក្រុង ដើម្បីធ្វើឱ្យបរិស្ថាន ក្នុងរាជធានីភ្នំពេញបានប្រសើរជាងមុន។ ពួកយើងត្រូវធ្វើចរាចរណ៍ និងសម្អាតផ្លូវក្រោមកម្តៅថ្ងៃស្ទើរ រៀងរាល់ថ្ងៃ។ ទោះបីជាការងារនេះមានភាពនឿយហត់យ៉ាងណា ពួកយើងសប្បាយចិត្ត ដែលបានចូលរួមចំណែក ធ្វើឱ្យបរិស្ថានស្អាត»។

សមាជិកក្រុមអ្នកបើកបររថយន្តសម្អាតផ្លួវកំពុងមមាញឹកក្នុងការសម្អាតផ្លូវក្នុងទីក្រុងភ្នំពេញ ដើម្បីអបអរបុណ្យប្រពៃណី ដែលនឹងឈានចូលមកដល់ខាងមុខនេះ។

លោកបានបន្តថា ពួកយើងពេញចិត្តនឹងបំពេញការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយចិត្ត និងរីករាយអំឡុងពេលបុណ្យអុំទូក ក្នុងទីក្រុងដែលមានបរិស្ថានស្អាត។

ក្នុងយុទ្ធនាការ «ទីក្រុងស្អាត សុខភាពល្អ» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែបញ្ជួនរថយន្តសម្អាតផ្លូវពីរគ្រឿង ទៅសម្អាតផ្លូវនានានៅគ្រប់ខេត្តរាជធានី នៃព្រះរាជានាចក្រកម្ពុជា៕