(ឧត្តរមានជ័យ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់ នៅក្នុងខេត្តឧត្ដរមានជ័យ សូមមេត្តាយកកូនមកចាក់វ៉ាក់សាំងនៅតាមបណ្ដាមន្ទីរពេទ្យនានា នៅក្នុងខេត្ត ដែលនៅជិតផ្ទះរបស់លោកអ្នកដើម្បីការពារកុមារ និងកុំឲ្យមានជំងឺថ្លើមប្រភេទ B។

ការថ្លែងអំពាវនាវរបស់សាស្រ្តាចារ្យ ម៉ម ប៊ុនហេង នៅក្នុងឱកាសដែលលោកអញ្ជើញ ចុះពិនិត្យសាកសួសុខទុក្ខ បងប្អូនប្រជាពល​រដ្ឋដែលមកទទួលសេវាព្យាបាលពិនិត្យ​សុខភាព និង កំពុងសំរាកព្យាបាលជំងឺ នៅ​មន្ទីរ​ពេទ្យបង្អែកខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿ ជឿជាក់លើវិស័យសុខាភិបាល ក្រុមគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងនូវសមត្ថភាពបច្ចេកទេស សីលធម៌វិជ្ជាជីវៈឲ្យបានកាន់តែខ្ពស់បន្ថែមទៀត ដើម្បីពង្រីកនូវទំនុកទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការពិនិត្យព្យាបាលដល់អ្នកជំងឺ។

លោកក៏បានផ្ដាំផ្ញើរទៅដល់ប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្បង្អែក នៅក្នុងខេត្តខេត្តឧត្ដរមានជ័យទាំងអស់ ត្រូវតែបរិភោគថ្នាំឲ្យបានទៀតទាត់ ទៅតាមកាលវិភាគ របស់លោកគ្រូពេទ្យ ដើម្បីឲ្យឆាប់ស្បើយពីជំងឺ ជាពិសេសនោះ នៅពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវតែថែរក្សាសុខភាព ដោយរស់នៅស្អាត បរិភោគស្អាត និងត្រូវគេងនៅក្នុងមុងច្រលក់ថ្នាំ ដើម្បីទប់ស្កាត់កុំឲ្យមានជំងឺកើតឡើង។

យ៉ាងណាម៊ិញ នៅរសៀលនោះដែរ លោក ម៉ម ប៊ុនហេង ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្រ្តីសុខាភិបាលខេត្តឧត្ដមានជ័យ ដោយបានផ្ដាំផ្ញើទៅដល់មន្រ្តីសុខាភិបាលខេត្តទាំងអស់ ត្រូវតែផ្សព្វផ្សាយ ឱ្យបានទូលំ​ទូលាយដល់ប្រជាពលរដ្ឋ អំពីការរីកចម្រើន និងការផ្តល់សេវានានា លើវិស័យសុខាភិបាល ដើ​ម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ចូលរួមពិគ្រោះពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែច្រើនឡើងថែមទៀត៕