(ភ្នំពេញ)៖ ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ លោក លី រដ្ឋធី បានថ្លែងជាមួយសម្តីធ្ងន់ៗថា ការដែលលោក ហ៊ាង រិទ្ធី បន្លំប្រើប្រាស់ខ្លួនឯងជាមេធាវី គឺបាននឹងកំពុងយកវិជ្ជាជីវៈច្បាប់ មកជាន់ឈ្លីយ៉ាងគគ្លើន​ និងសូមឲ្យបុគ្គលមួយចំនួនដែលមិនមានសម្បទាខាងវិជ្ជាជីវៈផ្នែកច្បាប់ពិតប្រាកដ កុំយកឈ្មោះអ្នកច្បាប់ ឬ ក្រុមអ្នកច្បាប់មកប្រើប្រាស់ ដើម្បីទទួលបានភាពល្បីល្បាញខុសទំនង នេះបើតាមកិច្ចសម្ចាសជាមួយអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ថ្លែងនៅក្នុងកិច្ចសម្ចាសជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News, លោក រដ្ឋធី បានរៀបរាប់ថា «កាលនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកម្មវិធីផ្សាយសម្លេងវិទ្យុអាស៊ីសេរី ជាខេមរភាសា បានចាក់ផ្សាយសេចក្តីរាយការណ៍មួយដោយដកស្រង់យកសម្តី បុគ្គលមួយចំនួនដែលធ្វើការបកស្រាយចំពោះការឆ្លើយតប របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅនឹងការបបួលភ្នាល់គ្នាពីសំណាក់លោក សម រង្ស៊ី អំពីការដោះលែង ឬមិនដោះលែងលោក កឹម សុខា»

នៅក្នុងសេចក្តីរាយការណ៍ខាងលើ វិទ្យុអាស៊ីសេរី បានធ្វើការអះអាងថា បុគ្គលដែលជាអ្នកបកស្រាយនោះគឺ ជាក្រុមអ្នកច្បាប់ និងក្រុមមេធាវី ថែមទាំងបានហៅបុគ្គលដែលធ្លាប់រៀនច្បាប់ ដល់ថ្នាក់បណ្ឌិតម្នាក់ថា «លោកមេធាវីបណ្ឌិត» ថែមទៀតផង បើទោះបីជាការពិតទៅបុគ្គលនោះមិនមែនជាមេធាវី និងមិនមានឈ្មោះក្នុងបញ្ជីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ លោក លី រដ្ឋធី បានបញ្ជាក់ឲ្យដឹងទៀតថា អ្វីដែលសំខាន់ជាងនេះទៅទៀត បុគ្គលដែលត្រូវបានវិទ្យុអាស៊ីសេរី ផ្តល់ងារថា ជាអ្នកច្បាប់ និងជាលោកមេធាវីបណ្ឌិតនោះទៀតសោត បានធ្វើការបកស្រាយដោយខុសឆ្គងជាខ្លាំងអំពី ទស្សនៈផ្លូវច្បាប់ រួមទាំងនីតិវិធីទាក់ទងនឹងចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់លោក កឹម សុខា ដែលអាចបង្កឲ្យមានការភ័ន្តច្រឡំដល់អ្នកស្តាប់ ឬអាចជាចេតនាបង្កឲ្យមាន ការយល់ខុសលើការអនុវត្តនីតិវិធី និងការប្រើប្រាស់អំណាចឆន្ទានុសិទ្ធិ របស់តុលាការដែលជាស្ថាប័នឯករាជ្យ។

«ការណ៍ដែលប្រើឈ្មោះជាអ្នកច្បាប់ ឬជាអ្នកដែលមានវិជ្ជាជីវៈផ្នែកច្បាប់ មកធ្វើការបកស្រាយដោយខុសឆ្គងនូវទស្សនៈផ្លូវច្បាប់ខាងលើ គឺជាការជាន់ឈ្លី និងបន្ទាបបន្ថោកនូវគុណតម្លៃ នៃវិជ្ជាជីវៈច្បាប់ជាទូទៅ ដែលជាការពិតទៅអ្នកដែលមានសម្បទាខាងវិជ្ជាជីវៈផ្នែកច្បាប់ពិតប្រាកដ និងត្រឹមត្រូវគេមិនធ្វើសកម្មភាពដូច្នេះឡើយ។ ហេតុដូចនេះសូមបុគ្គលមួយចំនួន ដែលគ្រាន់តែធ្លាប់បានរៀនសូត្រផ្នែកច្បាប់ ទោះជារៀនដល់ថ្នាក់បណ្ឌិតក៏ដោយ សូមកុំតាំងខ្លួនជាអ្នកច្បាប់ ឬ ជាអ្នកដែលមានវិជ្ជាជីវៈច្បាប់ឡើយ ប្រសិនបើខ្លួនមិនមិនសម្បទាវិជ្ជាជីវៈ ផ្នែកច្បាប់ណាមួយដែលមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចនោះ» នេះការបញ្ជាក់បន្ថែមពីលោក លី រដ្ឋធី ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ។

ការប្រើប្រាស់ឈ្មោះក្រុមអ្នកច្បាប់ ឬអ្នកច្បាប់ មិនមែនសំដៅដល់អ្នកដែលរៀនច្បាប់ ឬធ្លាប់បានរៀនច្បាប់នោះទេ ប៉ុន្តែគឺសំដៅដល់អ្នកដែលមានសម្បទាខាងវិជ្ជាជីវៈច្បាប់ រួមមាន៖ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី សហការី... ឬ មន្រ្តី ឬ បុគ្គលិក ដែលបំពេញការងារក្នុងវិស័យច្បាប់ក្នុងស្ថាប័នរដ្ឋ ឬ អាចជាសាស្រ្តាចារ្យដែលមានបទពិសោធន៍ និងជំនាញជាច្រើនឆ្នាំ។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈមេធាវីកម្ពុជា បានចេញសេចក្តីប្រកាសមួយ បញ្ជាក់ថា លោក ហ៊ាង រិទ្ធី ដែលជាអតីតអនុប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យនោះ មិនមែនជាមេធាវី ដែលចុះឈ្មោះដោយគណៈមេធាវីនោះទេ។

គណៈមេធាវី បានចាត់ទុកថា ការហៅការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវីខុសពីការពិតនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មេធាវី និងស្ថាប័នគណៈមេធាវី។ គណៈមេធាវីកម្ពុជា ក៏ប្រកាសចាត់វិធានការគ្រប់មធ្យោបាយតាមនីតិវិធីច្បាប់ផងដែរ៕