(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ស្ថិតក្នុងស្ថានភាពប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន កងយោធពលខេមរភូមិន្ទ គឺជាសសរគ្រឹះដ៏រឹងមាំក្នុងកិច្ច ការការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្រៅពីតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន​បានប្រគល់ឲ្យ។

ការថ្លែងរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងនៅថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាស​អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ ឆត្រយោងជំនាន់ទី២៥, បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធ B40-B41 អាវុធការពារអាកាសជំនាន់ទី២ និង​​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សំណង់បច្ចេកទេសហ្វឹកហ្វឺនជំនាញឆ័ត្រយោង។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកឲ្យកងទ័ពទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការងារហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេស ការអប់រំចិត្តសាស្រ្ត ពង្រឹងវិន័យ អត្តចរិត សីលធម៌ និងគោរពច្បាប់រដ្ឋដើម្បីឲ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះបញ្ហា និងស្ថានភាពនានាដែលកើតមានឡើង ក៏ដូចជាការកសាងសំណង់បច្ចេកទេសនានា ដែលបម្រើឲ្យការហ្វឹកហ្វឺន។​

លោកមេបញ្ជាការថ្លែងយ៉ាងដូច្នេះថា «យើងត្រូវឈរលើមូលដ្ឋាននៃការហ្វឹកហ្វឺនឲ្យបានជាប់ជាប្រចាំ និងទៀងទាត់ដោយផ្តោតការយកចិត្តទុកដាក់លើគុណភាព និងបរិមាណ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតធនធានមនុស្ស ដែលជាបញ្ហាប្រឈមដែលយើងត្រូវពុះពារជំនះដោះស្រាយ សំដៅកសាងឲ្យបានធនធាន មនុស្សពិត និងគ្រប់គ្រាន់នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ឆន្ទៈប្រយុទ្ធ ត្រៀមប្រយុទ្ធ ក្នុងភារកិច្ចថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងការពារបូរណភាពទឹកដី ព្រមទាំងចូលរួមបំពេញបេសកកម្មក្នុងតំបន់ និងពិភពលោក»​។​

បើតាមលោក ហ៊ុន ម៉ាណែត ការហ្វឹកហ្វឺន និងការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ពិតជាឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាង និងពង្រឹងភាពរឹងមាំលើវិស័យការពារជាតិ និងការធ្វើសមាហរណកម្មកងទ័ពចូលក្នុងសហគមន៍អន្តរជាតិ តាមរយៈការកសាងកងទ័ពកម្ពុជាឲ្យក្លាយជាកងទ័ពមានសមត្ថភាពក្នុងវិជ្ជាជីវៈ ដើម្បីចូលរួមបំពេញបេសកកម្មក្នុងតំបន់ ពិភពលោក ការពារបូរណភាពទឹកដី និងការអភិវឌ្ឍ ប្រទេសជាតិ។

លោកសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ការហ្វឹកហ្វឺន គឺសំខាន់ណាស់ក្នុងការធានានូវនិរន្តរភាព និងប្រសិទ្ធិភាពនៃកងកម្លាំង​គ្រប់ជំនាន់ ក្នុងការបំពេញភារកិច្ច ការពារជាតិ ការពារបូរណភាពទឹកដីនិងសន្តិសុខ។ ក្នុងដំណាក់កាលនេះ ត្រៀមលក្ខណៈនឹងយកឱកាសមាសនេះ ហ្វឹកហ្វឺនដើម្បីបន្តវេនគ្រប់ជំនាន់ ហើយទ័ពពិសេសនៅក្នុងសម័យកាលនេះ ត្រូវតែពង្រីក​កសាងលក្ខណៈពិសេស និងប្រវត្តិរាប់រយឆ្នាំទៅមុខទៀត។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ដែលកងពលតូចទ័ព ពិសេសឆ័ត្រយោង៩១១ ដែលបានបំពេញក្នុងរយៈកន្លងមក ជាពិសេសលើការហ្វឹកហ្វឺនជំនាញឆត្រយោង ដែលបម្រើឲ្យកងឯកភាពផ្សេងទៀត នៃកងយោធពលខេមរភូមិន្ទ ដែលមកទល់ពេលនេះ។

សូមបញ្ជាក់ថា កងពលតូចឆ័ត្រយោង៩១១ បានបើកវគ្គចំនួន២៤​វគ្គ​រួចមកហើយ ដោយមាន១៧​អង្គភាពចូលរួម និងមានចំនួនសិក្ខាកាមសរុប រហូតដល់​៣,៦៨០​នាក់។ ក្នុងនោះកងពលតូច៩១១ ក៏បានចូលរួមបំពេញភារកិច្ចផ្សេងៗជាច្រើនផងដែរ រួមមាន ការការពារបូរណភាពទឹកដី ការពារសន្តិសុខ ការជួយសង្គ្រោះប្រជាពលរដ្ឋ៕