(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ បានប្រកាសស្វែងរកក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ដែលមានបំណងរកស៊ីប្រមូលសំរាម នៅក្នុងប៉ោយប៉ែត ប៉ុន្តែក្រុមហ៊ុនទាំងនោះត្រូវមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីប្រមូលសំរាម ទូទាំងក្រុង ព្រោះពលរដ្ឋមិនចង់រស់នៅក្នុងបរិស្ថានមិនល្អ មិនចង់នៅក្នុងក្រុងសំរាមនោះទេ ការប្រកានេះបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាម (ឃ្យុងធាវី សម្អាតប៉ោយប៉ែត ktsp company) មិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន។

ការលើកឡើងរបស់លោក សាន ស៊ានហូ បានធ្វើឡើងនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ នៅក្នុងវេទិកាសាធារណៈ ស្តីពី «ការកំណត់កម្រៃសេវា គ្រប់គ្រង់សំរាម និងសំណល់រឹង តាមទីប្រជុំជនក្រុងប៉ោយប៉ែត»។ លោកបានឱ្យដឹងថា រាល់ថ្ងៃនេះមិនដឹងថា ក្រុមហ៊ុនប្រមូលសំរាម (ឃ្យុងធាវី សម្អាតប៉ោយប៉ែត ktsp company) ដឹងថាគិតយ៉ាងណាទេ សំរាម កាកសំណល់ជាច្រើនកន្លែង មាននៅតាមមុខផ្ទះពលរដ្ឋ តាមដងផ្លូវ តាមផ្លូវសាធារណៈ កន្លែងខ្លះក្លាយជាគំនរសំរាមទៅហើយ តើការប្រមូលសំរាមរាល់ថ្ងៃនេះ បានដល់កម្រិតណាទៅបានជាមានសំរាមច្រើនយ៉ាងនេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អីឡូវនេះរដ្ឋបាលក្រុងប៉ោយប៉ែត សូមអំពាវនាដល់អ្នកវិយោគក្រុមហ៊ុនណា មានចំណាប់អារម្មណ៍ចង់រកស៊ី ការប្រមូលសំរាម អាចមកទាក់ទងបានខ្ញុំ ទទួលស្វាគមន៍ជានិច្ច។ ក្រុមហ៊ុនគួរតែមានបុគ្គលិកយ៉ាងតិច១០០នាក់ និងមានឡានប្រមូលសំរាមឱ្យច្រើន ប្រហែល២០គ្រឿង មានឡានបូមដី មានរថយន្តលាងផ្លូវ មានយានដ្ឋានខ្លួនឯង មិនដូច្នេះទេរដ្ឋបាលក្រុងយើងមិនអនុញ្ញាតិឡើយ ព្រោះខ្ញុំ និងប្រជាជនខ្ញុំ មិនចង់រស់នៅក្នុងបរិស្ថានមិនល្អ មិនចង់នៅក្នុងក្រុងសំរាមដែល»

ជាមួយគ្នានេះដែរ លោក សាន ស៊ានហូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត ទាំងអស់ ត្រូវភ្ញាក់រលឹកបង់ថ្លៃសេវា ប្រមូលសំរាមជូនក្រុមហ៊ុន ឱ្យបានទាំងអស់គ្នា ដើម្បីឱ្យក្រុមហ៊ុននេះមានលទ្ធភាពផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជូនបងប្អូនជាបន្តទៀត។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន ដែលកន្លងទៅបានបោះចោលសំរាមនៅតាមអូរ ប្រឡាយ ផ្លូវ និងបានដឹកសំរាមតាមរថយន្ត ម៉ូតូ យកទៅចាក់ចោលតាមចិញ្ចើមផ្លូវសាធារណៈ និងដីឡូត៍ដែលម្ចាស់ទុកចោលគ្មានការអភិវឌ្ឍជាដើម ត្រូវបញ្ឈប់សកម្មភាពនេះ ហើយងាកមករួមចំណែក ថែរក្សាអនាម័យ និងបរិស្ថានក្នុងក្រុងទេសចរណ៍មួយនេះជាមួយរដ្ឋបាលក្រុងឱ្យបានទាំងអស់គ្នា។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត បានថ្លែងថា រហូតមកដល់ថ្ងៃនេះមិនមានក្រុមហ៊ុនណាមួយ ចូលមកវិនិយោគថ្មីខាងប្រមូលសំរាមឡើយ ដែលបញ្ហានេះ ធ្វើឱ្យអ្នកដែលដើរប្រមូលសំរាមរាល់ថ្ងៃនេះ ធ្វើអ្វីៗស្រេចតែចិត្ត ដោយទុកសំរាមរហូតស្អុយ ទើបឃើញរថយន្តមកដឹកយកទៅចោល។ ចំពោះលុយ គឺបង់ឱ្យរាល់ខែ ដែលតាមផ្ទះ១ខ្នងបង់លុយថ្លៃ ប្រមូលសំរាមចាប់ពី៥.០០០រៀល ទៅ១ម៉ឺនរៀល បើនៅតាមហាង ពី២ទៅ៣ម៉ឺនរៀល តែអ្នកដែលទទួលខុសត្រូវក្នុងការប្រមូលសំរាមនេះទុករហូត ៥ទៅ៧ថ្ងៃ ខ្លះ១៥ថ្ងៃ ១ខែ ទើបមកយកម្តង ធ្វើឱ្យក្លិនស្អុយនៃសំរាមប៉ះពាល់ដល់សុខភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗងាយនឹងឆ្លងជំងឺជាទីបំផុត។

ពលរដ្ឋដដែល បានបន្តទៀតថា ដោយសារមូលហេតុនេះហើយ ទើបពួកគាត់សំណូមពរទៅលោកអភិបាលក្រុងមេត្តាជួយរកក្រុមហ៊ុនឯក ជនមួយសម្រាប់អនុវត្តការងារនេះ ទើបអាចទាន់ពេលវេលា ព្រោះអ្នកប្រមូលសំរាមរាល់ថ្ងៃនេះដឹងតែពីដើរប្រមូលយកលុយ ប៉ុណ្ណោះ៕