(សេអ៊ូល, កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃពុធទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ បានរៀបចំពិធីជប់លៀងជាផ្លូវការអបអរសាទរបុណ្យឯករាជ្យជាតិ និងបុណ្យកំណើតកងយោធពលខេមរ:ភូមិន្ទ នៅសណ្ឋារគារ Lotte Hotel នាទីក្រុងសេអ៊ូល ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ចូលរួមប្រមាណ៣៦០នាក់ រួមមានតំណាងរដ្ឋាភិបាលកូរ៉េជាអនុរដ្ឋមន្ត្រីការបរទេស លោក KANG Jeong-sik, និងតំណាងរដ្ឋសភាជាតិ ឯកឧត្តម Byung Jae-ill, សមាជិករដ្ឋសភាជាតិកូរ៉េ និងជាអនុប្រធានក្រុមសភាមិត្តភាពកម្ពុជា-កូរ៉េ រួមជាមួយនឹងបណ្តាអគ្គរាជទូត-រដ្ឋទូត និងសេនានុព័ន្ធយោធា ព្រមនឹងមន្ត្រីអាជ្ញាធរកូរ៉េពាក់ព័ន្ធ រួមទាំងបណ្តាវិស័យឯកជនកូរ៉េ។

ថ្លែងទៅកាន់បណ្ដាបណ្តាអគ្គរាជទូត-រដ្ឋទូតជិត១០០ និងភ្ញៀវអន្ដរជាតិជាង៣០០នាក់ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានរៀបរាប់ពីឯករាជ្យជាតិ សន្ដិភាព ស្ថេរភាពនយោបាយ របស់កម្ពុជានាពេលបច្ចុប្បន្ន ដែលបានមកដោយលំបាក គឺបានលះបង់សាច់ស្រស់ឈាមរបស់យុទ្ធជនពលីរាប់សែននាក់ ហើយបានបង្ហាញពីសក្ដានុពលទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាដល់ភ្ញៀវចូលរួម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួរបញ្ចាក់ដែរថា ក្នុងពិធីជប់លៀងផ្លូវការអបអរសាទរបុណ្យឯករាជ្យជាតិនេះ ក៏បានរៀបចំបម្រើភ្ញៀវនូវមុខម្ហូប នំ បង្អែមខ្មែរ ព្រមជាមួយក្រម៉ាអនុស្សាវរីយដល់ភ្ញៀវចូលរួមទាំងអស់ផងដែរ៕