(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី​០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីធ្វើការផ្តន្ទាទោស​ពាក់ព័ន្ធ​០២ករណីផ្សេងគ្នា ដោយមួយបទល្មើសលួច និងមួយទៀត ករណីអំពើហិង្សា។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ រួមមាន៖ ទី១៖ឈ្មោះ ថៃ វិណូ ​អាយុ​២៩ឆ្នាំ បានធ្វើសកម្មភាពលួចរថយន្ត​០១គ្រឿង ម៉ាក Rav4 ពណ៌ខ្មៅ គ្មានស្លាកលេខ របស់ជនរងគ្រោះ ឈ្មោះ ហុង មករា ភេទប្រុស អាយុ​២៧ឆ្នាំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៦៖៥៥នាទី ដែលបានយកមកផ្ញើនៅការ៉ាស់ឡាន នៅចំណុចផ្ទះលេខ៥៤ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

បន្ទាប់មកដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានមកយកឡានរបស់ខ្លួនតែមិនឃើញ បានទៅប្តឹងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយស្រាវជ្រាវស្វែងរក។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា នៃរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ខាងលើ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៤៖៤០នាទី នៅមុខសាលាបាក់ទូក។​

តាមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ​បានសារភាព​ថា ខ្លួនជាបុគ្គលិក ធ្វើការនៅការ៉ាសឡាន នៅម្តុំស្ទឹងមានជ័យ ហើយរូបគេពិតជាបានលួចរថយន្ត ជនរងគ្រោះខាងលើ ពិតប្រាកដមែន និងបានយករថយន្តនោះទៅលក់ នៅម្តុំភ្នំពេញថ្មី បានតម្លៃ​៤,៥០០ដុល្លាអាមេរិក ហើយរូបគេបានយកប្រាក់ដែលលក់រថយន្តបាន​ទៅទិញម៉ូតូ​​, ទូរស័ព្ទដៃ​ និងយកទៅលេងល្បែងចាញ់អស់។ លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ រូបគេបានជិះម៉ូតូ ទៅជួបអ្នកស្គាល់គ្នា​នៅមុខសាលាបាក់ទូក ក៏ត្រូវសមត្ថិកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្តង។

ដោយឡែកជនសង្ស័យទី២៖ឈ្មោះ វ់ាត ហឿប ភេទស្រី អាយុ​៣០ឆ្នាំ បានយកកូនកាំបិតចាក់ទៅលើជនរងគ្រោះ ឈ្មោះ ប្រាក់ គឹមហុង ចំត្រង់​ពោះ​ បណ្តាលឲ្យហូរឈាមសន្លប់បាត់បង់ស្មារតី ភ្លាមនោះឈ្មោះ ផូ ភា ភេទស្រី ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យសម្ភពមាតា អូរឌឹម ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។ ចំណែកជនសង្ស័យ​ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ល្បាតឃើញហេតុការណ៍ ក៏ចុះមកធ្វើការឃាត់ខ្លួនភ្លាមៗ។ ករណីនេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៨៖៣០នាទី នៅចំណុចភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ក្រោមវិធានការជំនាញ នៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ​ខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ ខណៈដែលខ្លួនកំពុងអង្គុយលេងទូរស័ព្ទ មុខបន្ទប់ជួលរបស់ខ្លួន ក៏មានការទាស់ពាក្យសំដីគ្នា​ជាមួយជនរងគ្រោះ ​រហូតឈានដល់ប្រើអំពើហិង្សា ហើយជនសង្ស័យបានយកកូនកាំបិតចាក់ទៅលើ ជនរងគ្រោះ​ចំត្រង់​ពោះ​បណ្តាលឲ្យហូរឈាម ភ្លាមនោះ​មានសមត្ថកិច្ចអាវុធហត្ថឃើញហេតុការណ៍ ក៏ធ្វើការឃាត់ខ្លួនរូបគេតែម្តង៕