(ភ្នំពេញ)៖ បន្ទាប់ពីបានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមុងជ្រលក់ថ្នាំ ព្រមទាំងសម្ភារបរិក្ខា អនាម័យ ជូនដល់ប្រជាពលរដ្ឋ ក្រោយរងគ្រោះដោយសារទឹកជំនន់ នារដូវវស្សាកន្លងទៅ ក្នុងខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ និងខេត្តសៀមរាបកន្លងមក​ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសុខាភិបាល សម្ដែងការកោតសសើរ ចំពោះមន្រ្ដីក្រសួងសុខាភិបាលទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋយ៉ាងអស់ពីចិត្តពីថ្លើម។

លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានឲ្យដឹងថា ទោះបីជាផ្លូវធ្វើដំណើរមានការលំបាក និងប្រើពេលធ្វើដំណើរយូរយ៉ាងណា​ ក៏បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន ដាច់ស្រយាលទាំងនេះ​ ខិតខំផ្តល់សេវាសុខភាពជូនពលរដ្ឋគ្រប់ពេល​ ប្រកបដោយក្រមសីលធម៌ល្អ និងគិតពីឧត្តមប្រយោជន៍ក្នុងការជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺខ្ពស់បំផុត។

លោកស្រីបន្ដថា ពលរដ្ឋដែលមានបញ្ហាសុខភាព​ បានមកប្រើប្រាស់សេវាជាហូរហែរ​ ក្នុងនោះភាគច្រើនសុទ្ធសឹង ទទួលបានការលើកលែងការបង់ថ្លៃសេវា ទាំងនេះសបញ្ជាក់ឲ្យឃើញថា​ មិនថាទីប្រជុំជន​ ឬទីដែលមានផ្លូវធ្វើដំណើរស្រួល​ ឬក៏ទីជនបទដាច់ស្រយាល​ និងទីដែលពិបាកធ្វើដំណើរ​ ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់​ទាំងអស់ បានចូលរួមអនុវត្ត​ការងារ​បានល្អប្រសើរ​ ជំរុញលើកទឹកចិត្ត,​ គាំទ្រ​ និងពង្រាយសេវាសុខាភិបាល គ្រប់ដណ្តប់ទូទាំងប្រទេស​ ដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:​ មិនថាអ្នកមានឬអ្នកក្រីក្រឡើយ។

លោកស្រីអគ្គនាយកបច្ចេកទេស បានសរសើរយ៉ាងខ្លាំងនូវវត្តមាន របស់បុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាពខាងលើនេះ​ ដែលមានឆន្ទៈល្អប្រពៃ​ លះបង់ផលប្រយោជន៌ផ្ទាល់ខ្លួន​ នៅបម្រើសេវាជូនដល់ប្រជាជន​ ​នៅតាមតំបន់ដាច់ស្រយាល ទោះជាការរស់នៅផ្ទាល់ខ្លួនមានការលំបាកក៏ដោយ៕