(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសចូលកាន់តំណែង ថ្នាក់ដឹកនាំ១៦រូប ដែលចំណុះឲ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅថ្ងៃដដែលនោះ រដ្ឋមន្រ្តី វ​ង សូត ក៏បានអញ្ជើញចូលរួមបើក សន្និបាតបូកសរុបលទ្ធផលការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច​ អតីតយុទ្ធជ​ន ​និងយុវនីតិសម្បទា រៀបចំឡើងនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃដដែលនោះផងដែរ។

ថ្លែងឲ្យដឹងនៅក្នុងពិធីប្រកាសចូលកាន់តំណែង ថ្នាក់ដឹកនាំ១៦រូបនោះ លោក វ​ង សូត បានលើកឡើងថា ទាំងថ្នាក់ដឹកនាំចាស់ និងថ្នាក់ដឹកនាំថ្មី ដែលទើបចូលកាន់តំណែងនាថ្ងៃនេះ ត្រូវចេះ​រួមសហការគ្នា ជាធ្លុងមួយ ដើម្បីពង្រឹងវិស័យសង្គមកិច្ច​​​​នៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋរងគ្រោះ និងប្រទេសកម្ពុជា។

ជាមួយគ្នានោះ រដ្ឋមន្ត្រី វង សូត ក៏បានក្រើនរំលឹកដល់ ថ្នាក់ដឹកនាំក្រសួងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីរៀងៗខ្លួន ដោយយកចិត្តទុកដាក់​ការ​ងារជាចម្បងផងដែរ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានចែករំលែក និងណែនាំ នូវចំណុចមួយចំនួន សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាមន្ត្រីល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមាន គោរពស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទ ចេះរំលឹកដាស់តឿនគ្នា កែលំអ និងហ៊ានទទួលខុសត្រូវ ពេញចិត្តបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គោរពនិងស្មោះត្រង់ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។

រដ្ឋមន្ត្រី វង សូត បានបន្ថែមឲ្យដឹងទៀតថា ត្រូវប្រកាន់ខ្ជាប់គោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារ ឲ្យមន្ត្រីធ្វើ មិនលាបពណ៌គ្នា ហើយធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្សពួករបស់ខ្លួនឡើយ។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រី វង សូត ក៏បានប្រកាសបើសន្និបាតបូកសរុបលទ្ធផលការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច​ អតីតយុទ្ធជ​ន ​និងយុវនីតិសម្បទា ផងដែរ នៅក្នុងសន្និបាតនោះ ក៏មានការចូលរួមពីយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបទៀតចូលរួម។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បាន​លើកឡើងថា កម្លាំងយុវជនគឺ​មានសារៈសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងសម្រាប់ចូលរួមសកម្មភាពសង្គម មួយចំនួនទៀត ជាពិសេសប្រជាព​លរដ្ឋ ដែលរស់នៅតាមជនបទ កំពុងជួបប្រទះបញ្ហាជាដើម។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំ១៦រូប ដែលប្រកាសចូលកាន់តំណែង នៅក្រសួងសង្គមកិច្ចរួមមាន លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការ, លោក សំហេង បុរស រដ្ឋលេខាធិការ, លោក សួង​ ម៉េងឡុង រដ្ឋលេខាធិការ, ធូ ស៊ុន រដ្ឋលេខាធិការ, ម៉ែន សុចិត្រ រដ្ឋលេខាធិការ, ឯក ក្រិត្យ រដ្ឋលេខាធិការ, នូ នីម រដ្ឋលេខាធិការ
, ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ, ហាច ហ៊ាន អនុរដ្ឋលេខាធិការ, សាណែត វឌ្ឍនា អនុរដ្ឋលេខាធិការ, ហឿង សុផុន អនុរដ្ឋលេខាធិការ, គឹម ហុង អនុរដ្ឋលេខាធិការ, ប្លុង ណាល់ អនុរដ្ឋលេខាធិការ, សុខ ប៊ុនថា អនុរដ្ឋលេខាធិការ, លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាជនពិការ មានឋានៈស្មើរដ្ឋលេខាធិការ, លោកស្រី ញ៉េប សុភាព អគ្គលេខាធិការក្រុមប្រឹក្សាកុមារ មានឋានៈស្មើរដ្ឋលេខាធិការ៕