(ភ្នំពេញ)៖ អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា ជាអ្នកស្ម័គ្រស្មោះនឹងលោក កឹម សុខា បានចេញមុខបបួលលោក សម រង្ស៉ី ភ្នាល់គ្នាដោយ លោកអះអាងថា លោក សម រង្ស៉ី នឹងមិនហ៊ានចូលស្រុកដូចអ្វីដែលលោកបានប្រកាសនោះទេ។

កម្មវត្ថុភ្នាល់នេះ បើសិនជាលោកចាញ់ គឺលោកសុខចិត្តបួសជាសង្ឃរយៈពេល១ឆ្នាំ ហើយលាឈប់ពីថ្នាក់ដឹកនាំក្រុមប្រឆាំង ប៉ុន្តែបើលោក សម រង្ស៉ី ចាញ់ក្នុងការភ្នាល់នេះវិញ លោកចង់ឱ្យលោក សម រង្ស៉ី សុំទោសលោក កឹម សុខា ចំពោះការយកសិទ្ធិសេរីភាពនិងជីវិតនយោបាយរបស់ លោក កឹម សុខា ទៅធ្វើជាកម្មវត្ថុភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

លោក សួន សូរីដា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំថា លោក សម រង្ស៊ី មិនហ៊ានត្រឡប់ចូលស្រុកខ្មែរ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឡើយ។ បើខ្ញុំចាញ់ ខ្ញុំនឹងបួសជាសង្ឃរយៈពេល១ឆ្នាំ ដើម្បីជាការសូមអភ័យទោស ហើយលាឈប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ(អតីត)គណបក្សសង្គ្រោះជាតិ មកធ្វើជាសមាជិកធម្មតា។ - តែបើលោកសម រង្ស៊ីចាញ់ លោកត្រូវសុំទោសលោកកឹម សុខា ពីការភ្នាល់ជាមួយលោក ហ៊ុន សែន ដែលធ្វើឱ្យប៉ះពាល់លើសិទ្ធិបុគ្គលរបស់លោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ សង្ឃឹមថា លោក សម រង្ស៊ី ព្រមទទួលនូវការភ្នាល់នេះជាក់ជាមិនខាន»

ប្រតិកម្មពីក្រុមអ្នកស្ម័គ្រស្មោះនឹង លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។

ដោយអះអាងថា ឮសម្ពាធបរទេសនឹងធ្វើឱ្យសម្តេចលើកលែងទោសដល់ លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ សម្តេចបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។

​បើតាម លោក សួន សូរីដា ការភ្នាល់រវាង លោក សម រង្ស៉ី ជាមួយសម្តេចតេជោ ហ៊ុន សែន គឺប្រាកដជាធ្វើឱ្យ លោក កឹម សុខា ខឹងមិនខាន។ លោកនិយាយថា៖ «សូមគិតឱ្យបានច្បាស់ ការភ្នាល់លោកសម រង្ស៊ី ជាមួយលោកហ៊ុន សែន ច្បាស់ជាធ្វើឱ្យលោកកឹម សុខាខឹងជាក់ជាមិនខាន "មនុស្សមិនមែនព្រះទេ"»

លោកបានបញ្ជាក់ទៀតថា «ខ្ញុំភ្នាល់ជាមួយលោកសម រង្ស៊ី ដើម្បីពាក្យ "សុំទោស១ម៉ាត់ ពីលោក សម រង្ស៊ីទៅលោកកឹម សុខា" ដើម្បីផ្សះផ្សាររបួសកុំឱ្យមានការបែកបាក់តែប៉ុណ្ណោះ ដូចពាក្យថា «ឪពុកខុសម្តាយខឹង កូនចៅសំភីឱ្យឪពុកសុំទោសម្តាយ អ្វីៗក៏អាចនាំមកនូវភាពសុខដុមរមនា ក្នុងគ្រួសារឡើងវិញ»