(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជួយកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ានតាមរយៈមូលនិធិជប៉ុន។

ការវាយតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ រួមនឹងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានសំដែងការតស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដ៏មានសារសំខាន់នេះ។

ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ក្នុងរយះពេល៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះមេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួលផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែសីហាឆ្នាំ២០១៧ ឲ្យបានេពេញលេញ និងប្រកបដោយប្រសិទ្ធភាពសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

មេដឹកនាំអាស៊ាន និងជប៉ុន ក៏បានសំដែងនូវការរីករាយដោយបានឃើញកំណើននៃទំហំពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានទឹកប្រាក់រហូតដល់ ២១៧,៩ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧។ ការណ៍នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន។

ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ានដទៃទៀតនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងស្មារតីនៃការបង្កើនទំហំ ក៏ដូចជាពង្រីកវិសាលភាពនៃពាណិជ្ជកម្មអាស៊ាន-ជប៉ុន កម្ពុជាស្វាគមន៍ការចុះហត្ថលេខាលើពិធីសារទី១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន។

លើសពីនោះទៅទៀត កម្ពុជា ក៏វាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ាន តាមរយៈមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្តផែនការមេតភ្ជាប់អាស៊ាន២០២៥ និងផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់។ ជាពិសេសការគាំទ្រដល់ការកសាងធនធានមនុស្សរបស់អាស៊ាន និងការលើកកម្ពស់ទំនាក់តំនងរវាងប្រជាជន និងប្រជាជន។

ក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន ក៏បានកោតសរសើរចំពោះការគាំទ្ររបស់ជប៉ុន ដល់មជ្ឈភាពអាស៊ាន និងបានកត់សំគាល់នូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វីក បើកទូលាយ និងចំហ របស់ជប៉ុន ព្រមទាំងបានលើកទឹកចិត្តឲ្យបន្តកិច្ចសន្ទនា ដើម្បីបង្កើតការយោគយល់ឲ្យកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១នោះដែរ មេដឹកនាំនៃប្រទេសអាស៊ាន-ជប៉ុន បានឯកភាពគ្នា ក្នុងការឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១។

សេចក្តីប្រកាសរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍៤៥ឆ្នាំ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យ អំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងពិធីសារទី១ នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន៕