(ភ្នំពេញ)៖ ទន្ទឹមនឹងការតិះដៀលចំៗទៅលើលោក សម រង្ស៉ី ថាជា «សំផឹងនយោបាយរត់ចោលស្រុក» នោះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងអាណិតដល់លោក កឹម សុខា អតីតប្រធានរបស់អតីតគណបក្សសង្រ្គោះជាតិយ៉ាងពន់ពេកដែលត្រូវ លោក សម រង្ស៉ី ជាដៃគូយុទ្ធសាស្រ្តជាមួយគ្នា បោកប្រាស់ទុកជាឧបករណ៍នយោបាយ រហូតដល់លោកជាប់ពន្ធនាគាររងទុក្ខវេទនាតែម្នាក់ឯង ខណៈលោក សម រង្ស៉ី រស់នៅក្រៅប្រទេសរំភើយ។

ជាមួយនឹងទឹកចិត្តអាណិតលោក កឹម សុខា ដែលព្រាត់ប្រាស់ប្រពន្ធកូន រស់នៅក្នុងការជាប់ឃុំកន្លងមកទាំងមានជំងឺប្រចាំកាយនោះ លោក សួន សេរីរដ្ឋា ជាអ្នកនយោបាយដែលធ្លាប់ ជាប់ពន្ធនាគារដោយសារការនិយាយប៉ះពាល់ដល់កិត្តិយសកងយោពលខេមរភូមិន្ទនោះ បានថ្លែងយ៉ាងស្រងេះស្រងោចថា មានតែអ្នកធ្លាប់ជាប់គុកដូចគ្នាប៉ុណ្ណោះ ដែលយល់ពីអារម្មណ៍របស់ លោក កឹម សុខា ពេលនេះ។

លោក សួន សេរីរដ្ឋា បានថ្លែងយ៉ាងដូច្នេះថា៖ «ទោះបីជាខ្ញុំ មិនមែននៅក្នុងក្រុមបក្សនយោបាយជាមួយនឹង កឹម សុខា តែក្នុងនាមជាអតីតអ្នកទោសនយោបាយ ដែលធ្លាប់ជាប់គុក ខ្ញុំស្គាល់ពីអារម្មណ៍របស់អ្នកនយោបាយដែលកំពុងរស់នៅក្នុងការឃុំឃាំង និងអាម្មណ៍របស់គ្រួសារប្រពន្ធកូនដែលចង់ឱ្យប្តី និងឪពុកទទួលបានសេរីភាព។ អារម្មណ៍បែបនេះ មានតែអ្នកនយោបាយធ្លាប់ត្រូវគេចាប់ដាក់គុក ដូចគ្នាទេ ទើបដឹងនិងទើបយល់»

លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលជាដៃគូនយោបាយរបស់ លោក សម រង្ស៉ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​ ឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ លោកត្រូវតុលាការចោទ​ពីបទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ហើយឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេល១ឆ្នាំ។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយសារតែស្ថានភាពជំងឺ លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យលោកចាកចេញ ពីព្រំដែនដែលកំណត់ក្នុងដីកា។

លោក សួន សេរីរដ្ឋា បានលើកឡើងថា លោក កឹម សុខា គ្រាន់តែជាឧបករណ៍នយោបាយរបស់ លោក សម រង្ស៉ីតែប៉ុណ្ណោះ ហើយលោក សម រង្ស៉ី តែងតែធ្វើឱ្យដៃគូ និងអ្នកគាំទ្ររបស់ខ្លួនជាប់ពន្ធនាគារ ដើម្បីមានឱកាសបានទទួលលុយពីក្រៅប្រទេស។ ក្នុងពេលជាប់នៅក្នុងពន្ធនាគារ កន្លងទៅ លោកក៏បានបញ្ចុះបញ្ចូលសមាជិកក្រុមប្រឆាំងដែលជាប់ពន្ធនាគារឱ្យឈប់ជឿ លោក សម រង្ស៉ី តទៅទៀត ជាពិសេសការអះអាងថា បរទេសនឹងដាក់សម្ពាធឱ្យ រាជរដ្ឋាភិបាលដោះលែង ក្រុមប្រឆាំងដែលជាប់ទោស។ លោកបានបង្គាប់ឱ្យសមាជិកក្រុមប្រឆាំងទាំងនោះ សុំទោសសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យសម្តេចស្នើសុំការលើកលែងទោសជូនពួកគេផងដែរ។

លោកបានបញ្ជាក់ថា «សំផឹងនយោបាយដូច សម រង្ស៉ី ដែលចូលចិត្តយកការឈឺចាប់ កាស្លាប់ ការជាប់គុកច្រវ៉ាក់របស់អ្នកគាំទ្រ និងសកម្មជន ទៅធ្វើជាលាភដើររៃអង្គាសយកលុយ អ្នកគាំទ្រនៅខាងក្រៅ ដើរចាយនោះ គឺមិនដែលស្គាល់អារម្មណ៍ឈឺចាប់របស់អ្នកទោសនយោបាយដែលជាប់ឃុំ និងអារម្មណ៍ក្រុមគ្រួសារប្រពន្ធកូនគេទេ ហើយក៏មិនដែលចេះអនុវត្តច្បាប់ ដែលខ្លួនធ្លាប់អង្គុយលើកដៃអនុម័តធ្វើច្បាប់នោះដែរ។ អារម្មណ៍ដែលតួរឯកសំផឹងនយោបាយនេះ តែងទទួលបានរហូតកន្លងមកដល់ពេលនេះគឺ បើមានសកម្មជនអ្នកគាំទ្រ ឬដៃគូរខ្លួនជាប់គុកច្រវ៉ាក់ ឬក៏ស្លាប់របួសនោះ គឺ សម រង្ស៉ី សប្បាយចិត្ត ព្រោះខ្លួនដែលរត់ចោលស្រុកនៅខាងក្រៅនោះហ្នឹង មានឱកាសច្រើនដើរលេងជប់លាងផឹកស៊ី ក្នុងកម្មវិធីដែលអ្នកគាំផ្កាប់មុខមួយចំនួនរៀបចំឱ្យ រួចប្រមូលយកលុយទៅបន្តចាយធ្វើទេសចរណ៍នយោបាយ នៅប្រទេសផ្សេង កន្លែងផ្សេងទៀត»

លោកបានបន្តទៀតថា «ពេលនេះសកម្មជន អតីតបក្សសង្គ្រោះជាតិ បានចេញពីគុកអស់ហើយ... លែងមាននរណាអាចជួយធ្វើជាចំណាប់ខ្មាំងនយោបាយឱ្យ សម រង្ស៉ី យកធ្វើជាប្រធានបទដើររៃអង្គាសយកលុយចាយបានទៀតហើយ។ ការសន្យាអួតថា ទាមទារឱ្យមានការបោះឆ្នោតឡើងវិញនោះក៏បរាជ័យ ហើយការសន្យាអួតថា ទាមទារឱ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ឱ្យនៅទំនេរនោះក៏វាបរាជ័យដែរ។ ដូច្នោះមានសល់តែ កឹម សុខា ម្នាក់គាត់ដែលកំពុងជាប់ឃុំ ក្នុងផ្ទះដែលសំផឹងនយោបាយ សម រង្ស៉ី នេះយកមកធ្វើជាគ្រាប់បាល់ចុងក្រោយទាត់លេង ក្នុងសង្វៀនដើម្បីយកឈ្មោះយកសំឡេង។ ព្រោះតាមចិត្តរបស់សំផឹងនយោបាយ សម រង្ស៉ី នេះមិនចង់ឃើញ កឹម សុខា ទទួលបានសេរីភាពពាក់កណ្តាលជាប់ឃុំក្នុងផ្ទះ អាចជួបជុំគ្រួសារ និងអាចប្រើហ្វេសបុកបញ្ចេញមតិបានទេ គឺ សម រង្ស៉ី ចង់បានឱ្យ កឹម សុខា ជាប់ក្នុងគុកត្រពាំងខ្លុងដូចពីមុនវិញ ដើម្បីខ្លួនដើរធ្វើតួរឯក ធ្វើសំផឹងនយោបាយ ប្រមូលលុយយកម្នាក់ឯង នៅក្រៅក្រៅស្រុក»

សូមបញ្ជាក់ថា លោក សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន លើកលែងទោសដល់លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ សម្តេចបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ៕