(មណ្ឌលគិរី)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យដើម្បីសុខភាពល្អគ្រប់ក្រុមគ្រួសារ ពោលត្រូវហូប​ស្អាត ទឹកស្អាត និងរក្សាអនាម័យនៅជុំវិញលំនៅឋាន ហើយត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលនាំមកនូវក្ដីវិនាសសម្រាប់ខ្លួនឯង និងសង្គមជាតិ។

សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានស្នើដល់គ្រប់ក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវតែបង្កើនការយកចិត្តទុកដាក់ ដើម្បីបង្ក្រាបបញ្ហាគ្រឿងញៀន ព្រោះថាបញ្ហាគ្រឿងញៀននេះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គម និងក្រុមគ្រួសារ ដែលអាចបង្កជាអំពើហិង្សា កាប់សម្លាប់ អំពើហិង្សា ឬឈានដល់ការប្រព្រឹត្តិអំពើចោរកម្ម​ផងដែរ។

ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន​១៥​ ឃុំចំនួន​៣​ នៃស្រុកកែវសីមា​ ខេត្ដមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើទោះបីខេត្តមណ្ឌលគិរី មិនសូវមានចរាចរណ៍មមាញឹកក៏ដោយ។

យ៉ាងណាមិញ សម្ដេចប្រធានកាកក្រហមកម្ពុជា នៅជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ទីកន្លែង ត្រូវតែចេះជួយយកអាសាគ្នាទៅវិញទៅមក ខណៈអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែត្រៀមដើម្បីជួយអន្ដរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់ពីពណ៌សម្បុរ​ សាសនា ឬនិន្នាការនយោបាយអ្វីនោះឡើយ ហើយបើមានស្ថានភាពចាំបាច់ត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា​ «សូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូន ពិសេសគឺបញ្ហាអនាម័យ ដែលទម្លាប់យើងពីដើមតែងតែដួស ទឹកមកពិសារ ទាំងគេទាំងខ្ញុំ ប៉ុន្ដែទឹកលូវមានមេរោគច្រើនណាស់ អីចឹងទេ សូមក្នុងក្រុមគ្រួសារនីមួយៗសូមដាំទឹកឲ្យបានឆ្អិន ទុកសម្រាប់គ្រួសារ ដើម្បីកាត់បន្ថយការឈឺ និងសូមឲ្យជុំវិញផ្ទះត្រូវតែសម្អាត»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ស្ដ្រីដែលមានផ្ទៃពោះទាំងអស់ នៅពេលឈឺពោះឆ្លងទន្លេ ត្រូវតែទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅក្បែរ ដោយមិនត្រូវសម្រាកកូននៅផ្ទះតាមបែបបុរាណនោះទេ ព្រោះងាយនឹងគ្រោះថ្នាក់ខ្លាំងណាស់ ខណៈមន្ទីរពេទ្យមានសម្ភារគ្រប់គ្រាន់ និងពេទ្យដែលមានជំនាញ ដើម្បីជួយដល់ស្ដ្រីដែលឈឺពោះឆ្លងទន្លេ។

ដោយឡែកសម្រាប់បញ្ហាការអប់រំវិញ ត្រូវបានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ណែនាំដល់ឪពុកម្ដាយ ឬអាណាព្យាបាលទាំងអស់ ត្រូវតែបញ្ជូនកូនដែលគ្រប់អាយុទៅរៀនឲ្យបានគ្រប់ៗគ្នា ហើយត្រូវបន្ដតាមដានឲ្យជាប់លាប់ជុំវិញការសិក្សារបស់កូនៗ ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។​

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហា ប្រឈមរបស់ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕​