(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាម លោកសាស្ត្រាចារ្យ ជិន ម៉ិញជី ឯកទេសវះកាត់ ប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យជោរៃក្រុងហូជីមីញ បានបញ្ជាក់ថា បើតាមសិក្សានៃអ្នកជំនាញផ្នែកឆ្អឹងខ្នង នៅឆ្នាំ២០១៨នេះ បានសិក្សាយ៉ាងច្បាស់ថា មនុស្សនៅលើពិភពលោកប្រមាណ៨០ភាគរយ មានជំងឺឈឺឆ្អឹងខ្នងយ៉ាងប្រាកដណាស់ ហើយជំងឺប្រភេទនេះភាគរយខ្ពស់ គឺកើតទៅលើមនុស្សដែលធ្វើការ នៅក្នុងការិយាល័យ (Office) ច្រើនម៉ោង។

ការថ្លែងបញ្ជាក់ថា របស់វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាមរូបនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺឆ្អឹងខ្នងចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះ គឺកិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។

លោកសាស្ត្រាចារ្យ ជិន ម៉ិញជី ឯកទេសវះកាត់ ប្រព័ន្ធប្រសាទ បានលើកឡើងថា «មានមនុស្ស៨០ភាគរយ នៅទូទាំងពិភពលោកដែលបានកើតជំងឺឈឺឆ្អឹងខ្នង ហើយជំងឺប្រភេទនេះកើតឡើងចំពោះមនុស្សនៅវ័យកណ្តាល ដែលធ្វើការនៅក្នុង Office (ការិយាល័យ) ច្រើនម៉ោង ដែលបណ្តាលឲ្យឆ្អឹងរបស់អ្នកជំងឺកោង ហើយប្រឈមនឹងជំងឺឈឺឆ្អឹងខ្នងតែម្តង»

លោកសាស្ត្រាចារ្យរូបនោះបន្តថា ជំងឺឆ្អឹងខ្នងបែងចែកចេញជា២ប្រភេទ៖ ទី១៖​ ជាប្រភេទជំងឺឆ្អឹងខ្នង និងទី២៖ ប្រភេទជំងឺកងកករ។ សម្រាប់ជំងឺប្រភេទទី១ គឺមានអ្នកជំងឺឈឺច្រើនជាង ជំងឺប្រភេទទី២។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺឆ្អឹងខ្នង ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺជំងឺឆ្អឹងខ្នង នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

លោកវេជ្ជបណ្ឌិតជំនាញឆ្អឹងខ្នង បានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យអ្នកជំងឺប្រឈម ឬអាចកើតជំងឺឈឺខ្នងនេះ គឺបណ្តាលមកពីការធ្វើសកម្មភាព ឬឥរិយាបទប្រចាំថ្ងៃរបស់អ្នកជំងឺ ដូចជាការអង្គុយយូរជាប្រចាំថ្ងៃ ជាពិសេសការលើរបស់របរដែលធ្ងន់ៗ រួមនិងការសម្រាកត្រង់ទីតាំងដែលធ្វើឲ្យខ្នងកោង ដូចជាការសម្រាកនៅលោកប៉ៅអ៊ី អង្រឹង ជាដើម ដែលជាហេតុនាំឲ្យអ្នកជំងឺប្រឈម និងកើតជំងឺប្រភេទនេះ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតមកពីប្រទេសវៀតណាមរូបនោះ ក៏បានណែនាំដល់បុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងការិយាល័យ ដែលប្រើម៉ោងយូរជាប្រចាំថ្ងៃ គួរតែគប្បីធ្វើឥរិយាបទឲ្យបានត្រឹមត្រូវ ជាពិសេសគឺការអង្គុយឲ្យត្រង់ខ្លួន ប្រសិនបើត្រូវអង្គុយច្រើនម៉ោងគឺគួរតម្រេតខ្លួនឲ្យបានច្រើនដង ក្នុងការបំពេញការងារជាប្រចាំថ្ងៃ៕