(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គ «ហ្វឹកហ្វឺនបំប៉ន ការងារបច្ចេកទេសជំនាញរថក្រោះរថពាសដែក ឆ្នាំ២០១៨» នៅសាលាហ្វឹកហ្វឺនជំនាញ រថក្រោះរថពាសដែក ACO និងសម្ភោធន៍ដាក់ឱ្យប្រើប្រាស់នូវអាគារអាហារដ្ឋាន១ខ្នង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះនៃ ខ ភ ម និងជាមេបញ្ជាការបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ បានឱ្យដឹងថា ពិធីហ្វឹកហ្វឺននេះ បញ្ជាការដ្ឋានរថក្រោះ បានសហការជាមួយសាលាហ្វឹកហ្វឺនជំនាញរថក្រោះ ដោយបាបើកវគ្គហ្វឹកហ្វឺន ការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក ១វគ្គ ដែលមានចូលរួមពីសំណាក់សិក្ខាកាម សរុបចំនួន១៥៤នាក់ ហ្វឺកហ្វឹនរយរយៈពេល ៣ខែ។

ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំប្រសាសន៍សួរសុខពីសំណាក់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិត​,​ សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន ពលទាហាន នៅក្នុងបញ្ជាការដ្ឋានរថក្រោះ និងសិក្ខាកាមផងដែរ ។

នាយឧត្តមសេនីយ៍​ ក៏​បានផ្ដាំផ្ញើដល់យោធិនទាំងអស់​ ត្រូវមានការស្មោះត្រង់នឹងរាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងនោះត្រូវខិតខំកសាងជំនាញរបស់ខ្លួន​ ចូលរួមក្នុងការការពារ​បូរណភាពទឹកដី​ និងមានការសាមគ្គីឯក​ភាពគ្នា​ ដើម្បីការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ​។ ទោះបីក្នុងតម្លៃណាក៏ដោយ​ ត្រូវប្រឆាំងដាច់ខាត​ និងវាយបកនូវរាល់​ឧបាយកល​របស់ជនអគតិមួយចំនួនតូចដែលចង់បំផ្លាញ់​សុខសន្តិភាព​​កម្ពុជា។

ក្នុងពិធីបើកវគ្គនោះដែរ នាយឧត្តមសេនីយ៍ ក៏បានផ្តល់ថវិការដល់បញ្ជាការដ្ឋានរថក្រោះ ចំនួន ២៣,៥២០,០០០រៀល៕