(សិង្ហបុរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, មេដឹកនាំអាស៊ាន៩ផ្សេងទៀត និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសសុន (Scott Morrison) នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី។

ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Scott Morrison ដែលទទួលបានការជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសអូស្រ្តាលី និងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលីនាពេលនេះ។ មេដឹកនាំនៃប្រទេសអាស៊ានក៏បានធ្វើការកត់សម្គាល់នូវលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាលពីខែមិនាឆ្នាំ២០១៨ នៅទីក្រុងស៊ីនី ដែលត្រូវបានបន្តជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពបំផុត។

មេដឹកនាំនៃប្រទេសអាស៊ាន និងអូស្រ្តាលី បានបង្ហាញក្តីរំភើប និងពេញចិត្តចំពោះកំណើននៃទំហំពាណិជ្ជកម្មរវាងតំបន់ទាំងពីរ ដោយគិតត្រឹមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មអាស៊ាន និងអូស្រ្តាលី មានទំហំ ៥៩ប៊ីលានដុល្លាអាមេរិក កើនជាង១១.៧% ប្រៀបធៀបនិងឆ្នាំ២០១៦ ហើយការវិនិយោគ ដោយផ្ទាល់របស់អូស្រ្តាលី មកកាន់តំបន់អាស៊ានកើនឡើងប្រមាណ ៣៣,៤%។

មេដឹកនាំអាស៊ាន និងអូស្ត្រាលី បានចាត់ទុកកំណើនពាណិជ្ជកម្មនេះ គឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ាន និងអូស្រ្តាលី បន្តជំរុញនិងគាំទ្របន្ថែមទៀត តាមរយៈការលើកកម្ពស់សកម្មភាពនៃការផ្សព្វផ្សាយធុរកិច្ច និងការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ក៏ដូចជាវិស័យសាធារណះ និងឯកជន ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម។

នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនោះដែរ បណ្តាមេដឹកនាំអាស៊ានក៏បានស្វាគមន៍ ចំពោះការពង្រីកផែនការកូឡំបូថ្មីរបស់អូស្រ្តាលី ដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីលើកកម្ពស់ថែមទៀត នូវការតភ្ជាប់រវាងប្រជាជននិងប្រជាជន ឲ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដល់សិស្ស និស្សិតអូស្រ្តាលី មកសិក្សានិងអនុវត្តការងារ នៅក្នុងបណ្តាប្រទេស សមាជិកអាស៊ាន។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន-អូស្រ្តាលី សម្តេចតេជោនាយករដ្ឋមន្រ្តីបាន ធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ដោយបានសង្កាត់ធ្ងន់ពីសារសំខាន់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរអាស៊ាន-អូស្រ្តាលី។ ពិសេសការជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការតភ្ជាប់ពីគ្រប់ផ្នែកទាំងអស់ រវាងអាស៊ាននិងអូស្រ្តាលី។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រ កាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការ និងពិធីទទួលទានអាហារការងារពេលព្រឹក នៃមេដឹកនាំអាស៊ាន-អូស្រ្តាលី៕