(មណ្ឌលគិរី)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន​១៥​ ឃុំចំនួន​៣​ នៃស្រុកកែវសីមា​ ខេត្ដមណ្ឌលគិរី។

ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ធ្វើឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី។

អំណោយក្នុងគ្រួសារនីមួយៗទទួលបាន​នូវ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏ទទួលបាន នូវក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលបន្ថែមទៀត​ ជាអំណោយ​របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្រាប់សិស្សានុសិស្សចំនួន​២០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ សៀវភៅសរសេរ​២ក្បាល​ ប៉ិច១ដើម​ និងថវិកា​១ម៉ឺនរៀល។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕