(ម៉ាលី)៖ យ៉ាងហោចណាស់ មានជនជាតិខ្មែរ៤នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅទីតាំងមួយរបស់អង្គការសហប្រជាជាតិ ក្នុងតំបន់ហ្កាវ ប្រទេសម៉ាលី។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកព្រលឹម ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) ដោយក្រុមភេរវកបើករថយន្តមួយគ្រឿង បុកចូលទៅទីតាំងមួយដែលជាមូលដ្ឋានប្រតិបត្តិការរបស់ អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។

សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ហេតុការណ៍នេះ បានបណ្តាលឱ្យភេរវករម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរដែលបម្រើការឱ្យអង្គការសហប្រជាជាតិចំនួន៤នាក់ផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ ហើយពលរដ្ឋខ្មែរទាំង៤នាក់នោះ គឺជាអ្នកស៊ីឈ្នួលបម្រើការងារឱ្យអង្គការសហប្រជាជាតិ ដែលក្នុងនោះក៏មានអ្នកបកប្រែផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាស របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖