(ភ្នំពេញ)៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្ត របស់អតីតណបក្សសង្រ្គោះជាតិ (CNRP) ដែលជាកូនប្រុសម្នាក់ទៀតរបស់ លោក គង់ គាំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញមុខដាស់តឿន លោក សម រង្ស៉ី កុំឱ្យជឿលើបុគ្គលកំពូលតណ្ហាក្រាស់ និងកំពូលល្បែងពាលា ដែលបង្កប់ខ្លួននៅជាមួយរូបលោករហូតដល់ ធ្វើឱ្យគណបក្សសង្រ្គោះជាតិរលំរលាយ។

លោក គង់ បូរ៉ា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំអ្នក សម រង្ស៉ី និយមគ្រាន់តែដាស់សម្បជញ្ញៈ លោកប្រធាន សម រង្ស៉ី កុំជឿលើបុគ្គលមេដឹកនាំកំពូលតណ្ហាអំណាចក្រាស់ កំពូលតណ្ហាស្រីញីក្រាស់ និងកំពូលតណ្ហាល្បែងពាលាក្រាស់ ដែលផ្តុំគ្នាជុំវិញលោកប្រធាន សម រង្ស៉ី ហើយធ្វើឱ្យគណបក្សសង្រ្គោះជាតិ ត្រូវបានរលាយ»

លោក គង់ បូរ៉ា នាពេលកន្លងទៅ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងដាក់លោក អេង ឆៃអ៊ាង ដែលបានហៅឪពុករបស់លោក គឺលោក គង់ គាំ ថាបានផ្លាស់ប្តូរនយោបាយ ព្រោះតែប្រយោជន៍របស់ខ្លួន។ ជាមួយគ្នានេះលោកក៏ធ្លាប់បានបង្ហាញជំហរគាំទ្រដល់គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយប្អូនប្រុសរបស់លោកផងដែរ។

លោក គង់​ បូរ៉ា បានបន្តទៀតថា «សម្រាប់ខ្ញុំ ខ្ញុំនៅតែប្រកាន់យកឧត្តមគតិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»

ទន្ទឹមនឹងការរិះគន់ដាស់តឿនដល់មេចាស់របស់ខ្លួន ដែលកំពុងយកសេរីភាព និងជីវិតនយោបាយរបស់ លោក កឹម សុខា ទៅធ្វើជាល្បែងភ្នាល់នោះ លោក គង់ បូរ៉ា ក៏បានចំអកដល់អ្នកដែលចាញ់បោក លោក សម រង្ស៉ី ហើយស្មោះស្ម័គ្រ នឹងអតីតគណបក្សសង្រ្គោះជាតិ ដែលពួកគេសង្ឃឹមថាបក្សនេះនឹងរស់ឡើងវិញ។

លោក បូរ៉ា បាន Comment តបទៅបុរសម្នាក់ ដែលទំនងជាសមាជិករបស់ក្រុមប្រឆាំង ដែលងប់ងល់នឹងមនោគមន៍វិទ្យារបស់ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «​ប្រឹងរកសុី ចិញ្ចឹម កូនៗ ទៅ ចាំគេកេីតមកវិញ ចាំទៅបម្រើគេទៀត មិនទាន់ ហួសពេលទេ»