(សៀមរាប)៖​ សាលាបឋមសិក្សាបន្ទាយសំរែ ជាសាលាគោលដៅទី២​ នៃកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដែលរៀបចំឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរា ក្នុងបំណងចូលរួមចំណែកជាមួយវិស័យអប់រំបញ្ជៀបចំណេះដឹងផ្នែកបេតិកភណ្ឌ បរិស្ថាន និងបំនិននៃការអានដល់កុមារដែលរស់នៅក្នុងតំបន់អង្គរ។

កម្មវិធីនេះចែករំលែកចំណេះដឹងដោយអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី ជំនឿ សាសនា បរិស្ថាន និងតួនាទីរបស់កុមារក្នុងការរួមចំណែកថែរក្សានិងស្គាល់ពីកេរតំណែលដែលមានក្នុងតំបន់ខ្លួនរស់នៅ។

លោក ខៀវ ច័ន្ទ មន្ត្រីជំនាញបុរាណវិទ្យានៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ និង;វាគ្មិននៃកម្មវិធី បានឱ្យដឹងថា មនុស្សគ្រប់ជាតិសាសន៍ត្រូវស្គាល់ពីមរតករបស់ប្រទេសខ្លួន ថាមានកេរអាករអ្វីខ្លះ មានបេតិកភណ្ឌអ្វីខ្លះជារបស់ផ្ទាល់ខ្លួននិងសម្រាប់ជាតិខ្លួន។

ដូច្នេះ ការបណ្តុះឱ្យកុមារស្គាល់ពីប្រវត្តិសាស្ត្រ ពីមរតកដែលខ្លួនមាន ធ្វើឱ្យពួកគេចេះស្រឡាញ់ យល់ពីតម្លៃ និងចូលរួមការពារ។ ជាក់ស្តែងនៅតាមបណ្តាប្រទេសជិតខាងនិងប្រទេសជឿនលឿន ក្នុងប្រព័ន្ធអប់រំគេបានបញ្ចូលមេរៀននេះឱ្យកុមារស្គាល់ពីតូចៗ ហើយគេធ្វើយូរហើយដែរ តែប្រទេសយើងមិនទាន់បានធ្វើពេញដៃជើងនៅឡើយ។

លោកបន្តថា ពេលអង្គរចូលជាបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូក៏បានជំរុញឱ្យអាជ្ញាធរជាតិអប្សរាគិតគូរពីរឿងអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់ឱ្យស្គាល់ពីមរតកដែលខ្លួនមានផងដែរ។

ជាជំហានដំបូងនាឆ្នាំ២០០៩ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបោះពុម្ពសៀវភៅគំនូរអំពីចម្លាក់បេតិកភណ្ឌ សហការជាមួយមន្ទីរអប់រំយុវជនកីឡាខេត្តសៀមរាបនិងអង្គការសហព័ន្ធជាតិយូណេស្កូប្រទេសជប៉ុនបាន២ភាគ ព្រមទាំងចុះបង្រៀនដល់ក្មេងៗឱ្យស្គាល់ពីបេតិកភណ្ឌ ដោយមានគម្រោងសហការជាមួយប្រទេសញូវហ្សេឡែន និងសហគមន៍ខ្មែរនៅកាណាដា។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ក៏កំពុងធ្វើសៀវភៅបេតិកភណ្ឌភាគទី៣ ដែលមានកម្រិតខ្ពស់ជាងមុនឱ្យសិស្សស្គាល់ពីអ្វីទៅជាអង្គរ និងអនុវត្តកម្មវិធីអប់រំបេតិកភណ្ឌសហការជាមួយអង្គការគាំពារកេរមរតកដល់សិស្សនៅអនុវិទ្យាល័យស្រះស្រង់ ដើម្បីបង្ខិតសិស្សកម្ពុជាកុំឱ្យមានគំលាត អំពីការយល់ដឹងពីបេតិកភណ្ឌខ្លួនឆ្ងាយពីបរទេសពេក។

លោក រីក រេត មន្ត្រីជំនាញអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការបញ្ជៀបចំណេះដឹងផ្នែកអភិរក្សបុរាណដ្ឋានដល់កុមារ ជាគោលបំណងរបស់អ្នកអភិរក្ស ដែលចង់ឱ្យក្មេងៗបានយល់ដឹងពីរបៀបថែទាំ បច្ចេកទេសជួសជុល ស្គាល់សម្ភារៈត្រូវប្រើ និងការការពារកេមរតកដូនតាទាំងនោះឱ្យបានគង់វង្សតពីមនុស្សចាស់នាថ្ងៃអនាគត។

លោកចង់ឱ្យខ្មែរគ្រប់រូបចូលរួមថែរក្សាទាំងអស់គ្នាមិនថាកុមារ យុវវ័យ មនុស្សចាស់ រួមទាំងអ្នកអាស្រ័យផលក្នុងតំបន់អង្គរផងដែរ។

អ្នកស្រី កាន កែម នាយិការងនៃសាលាបឋមសិក្សាបន្ទាយសំរែ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបង្កើតកម្មវិធីនេះឡើង ដែលជាប្រយោជន៍ដល់សិស្សានុសិស្ស ឱ្យពួកគេបានដឹងនិងស្គាល់ពីបេតិកភណ្ឌនៅកន្លែងដែលពួកគេរស់នៅ។ ពិសេសអាចប្រតិបត្តិខ្លួនបានល្អក្នុងការរួមចំណែកថែរក្សា ការពារពេលពួកគេទៅលេងតាមប្រាសាទផង។

លោកថា​ កន្លងមកកម្មវិធីបែបនេះមិនមានទេ តែសាលាធ្លាប់ធ្វើម្តងកាលពេលលោកគ្រូអ្នកគ្រូធ្វើតែងសេចក្តីអំពីប្រាសាទ ហើយនាំសិស្សទៅសង្កេតដល់បុរាណដ្ឋានផ្ទាល់។ បើមានកម្មវិធីបែបនេះច្រើន សិស្សានុសិស្សនឹងបានស្វែងយល់ដឹងច្រើនពីតំបន់បេតិកភណ្ឌដែលខ្លួនរស់នៅ៕