(ភ្នំពេញ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលទើបផុតអាណត្តិបានកត់សម្គាល់ឃើញថា វិស័យសុខាភិបាលកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងចាប់ពីទីក្រុង រហូតដល់ជនបទ មិនចាញ់ប្រទេសជិតខាងនោះទេ។ នេះជាការលើកឡើងរបស់លោក ម៉ម ប៊ុនហេង។

ការវាយតម្លៃខ្ពស់ពីភាពរីកចម្រើនពីវិស័យសុខាភិបាលកម្ពុជា ពីសំណាក់មន្ត្រីរបស់អំណាចអាមេរិករូបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

បើតាមលោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះ៖ «គាត់សសើរពីការរីកចម្រើនវិស័យសុខាភិបាល ដែលមួយផ្នែកធំ ទាក់ទិនគោលដៅអភិវឌ្ឍ សហសវត្ស គឺការកាន់បន្ថយអាត្រា មរណៈមាតា ទារក និងកុមារ មានការរីកចម្រើនលើវិស័យសុខាភិបាល ទាំងនៅជនបទ ទាំងនៅទីប្រជុំជន»។

លោក បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយជំងឺឆ្លងដូចជា៖ ជំងឺគ្រុនចាញ់, ជំងឺរបេង, ជំងឺគ្រុនឈាម ជំងឺអេដស៍ ជាការងារមួយដ៏សំខាន់សម្រាប់កម្ពុជា ជាដើម។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា រយៈពេលមួយអាណត្តិរបស់លោក William A. Heidt កន្លងមកនេះ កម្ពុជា-អាមេរិក មានទំនាក់ទំនងទៅលើវិស័យពាណិជ្ជកម្ម លក្ខខណ្ឌការងារ វិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតជាដើម។

ក្នុងនាមក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់លោក William A. Heidt ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕