(ភ្នំពេញ)៖ ការដែលលោក សម រង្ស៉ី បានយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ជាដៃគូនយោបាយរយៈពេល៥ឆ្នាំ ទៅបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នានាថ្មីៗនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់សាធារណទាំងក្នុង និងក្រៅប្រទេស ហើយពួកគេក៏កំពុងរង់ចាំមើលលទ្ធផល និងការអនុវត្តទៅតាមការភ្នាល់គ្នារវាងអ្នកនយោបាយទាំងពីរ។

ទោះជាយ៉ាងនេះក្តី បន្ទាប់ពីធ្វើការសង្កេតមើលឱ្យម៉ត់ចត់ទៅលើខ្លឹមសារភាសាអង់គ្លេសរបស់ លោក សម រង្ស៉ី ដែលបង្ហោះនៅលើ Facebook របស់លោក កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងខ្លឹមសារអត្តបទ «តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?» លោក សម រង្ស៉ី មិនបានដាក់បញ្ចូលដូចខ្លឹមសារដែលថា «នឹងចូលឱ្យចាប់ខ្លួន បើសិនភ្នាល់ចាញ់ សម្តេចតេជោ ហ៊ុន សែន លើរឿងដោះលែង កឹម សុខា» ដូចអត្ថបទខ្លឹមសារភាសាខ្មែរនោះទេ។

ក្រុមអ្នកលេង Facebook និងអ្នកតាមដាននយោបាយ បានលើកឡើងថា លោក សម រង្ស៉ី ពេលនេះកំពុងបំភាន់ដល់អន្តរជាតិ អំពីការភ្នាល់របស់លោក ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ដោយសារតែនៅក្នុងអត្ថបទខ្លឹមសារជាភាសាខ្មែរ និងភាសាអង់គ្លេស មិនដូចគ្នា។ ពួកគេអះអាងថា ការដែលមិនរំលេចថា «នឹងចូលឱ្យចាប់ខ្លួន បើចាញ់ការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន» នៅក្នុងខ្លឹមសារជាភាសាអង់គ្លេស នោះក៏ដោយសារតែ លោក សម រង្ស៉ី ខ្លាចខ្មាស់អន្តរជាតិ ដែលតាមដានព្រឹត្តិការណ៍នេះ បើសិនជាខ្លួនចាញ់សម្តេចតេជោ ហ៊ុន សែន និងឈានដល់មិនអនុវត្តតាមការភ្នាល់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ លោក សម រង្ស៉ី បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»។

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ សម្តេចបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។

ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងបក្ខពួករបស់ លោក កឹម សុខា បានប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៉ី ដែលចាត់ទុក លោក កឹម សុខា ជាឧបករណ៍នយោបាយ ហើយយកធ្វើជាកម្មវត្ថុក្នុងការភ្នាល់នេះ ដោយមិនបានចាត់ទុកលោក កឹម សុខា គឺជាដៃគូនយោបាយនោះទេ។

យ៉ាងណាក៏ដោយ ក្នុងការភ្នាល់នេះ ក្រុមអ្នកច្បាប់បានមើលឃើញជាមុនបាត់ទៅហើយថា លោក សម រង្ស៉ី អាចនឹងត្រូវចាញ់ សម្តេចតេជោ ហ៊ុន សែន ក្នុងការភ្នាល់នាពេលនេះ។ តែអ្វីដែលពួកគេបារម្ភ គឺទណ្ឌិតរូបនេះ មិនហ៊ានទទួលស្គាល់ការចាញ់ និងស្ម័គ្រចិត្តដើរចូលពន្ធនាគារអនុវត្តទោស ដូចអ្វីដែលរូបលោកប្រកាស៕