(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញជាម្ហូបអាហារ នៅតាមបណ្តាផ្សារនានាក្នុងខេត្ត មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់នាពេលខ្លីខាងមុខនេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក នាយករដ្ឋបាលសាលាស្រុកអូររាំងឪ និងប្រធានផ្សារ ចុះត្រួតពិនិត្យគុណភាពទំនិញ ធ្វើតេស្តលើម្ហូបអាហារ បិទខិតបណ្ណផ្សព្វផ្សាយអំពីការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានគូសបញ្ជាក់ថា មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ តែងចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងការត្រួតពិនិត្យនូវគុណភាពទំនិញ និងពន្យល់ណែនាំ អាជីវករលក់ដូរ នៅតាមផ្សារ និងតាមផ្ទះលក់ដូរជុំវិញខេត្តត្បូងឃ្មុំ ឲ្យអាជីវករលក់ដូរ មានការយល់ដឹងកាន់តែច្រើន ក្នុងការជ្រើសរើសទំនិញ ការរក្សារទុក និងលក់ដូរទំនិញដែលមានគុណភាព ជូនអតិថិជនរបស់ខ្លួន។ ជាពិសេសនោះ ក្នុងគោលបំណងចំបង គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ។

លោកបានបន្តថា បន្ទាប់ពីបានពិនិត្យទំនិញជាផលិតផលម្ហូបអាហារ ដាក់លក់ក្នុងផ្សារខាងលើរួចមក ជាលទ្ធផលសង្កេតឃើញថា មិនមានទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទនោះទេ ព្រមទាំងបានធ្វើតេស្តឃីត ដែលជាតេស្តបឋម លើម្ហូបអាហារមួយចំនួនដូចជា ប្រហុក ប្រហិត ណែម សាច់ក្រក ត្រីងៀត ស្ករត្នោត គឺមិនមានផ្ទូកនូវសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពនោះឡើយ។ ចំណែកឯអំបិលអ៊ីយ៉ូដ ឃើញថាមានជាតិអ៊ីយ៉ូដ ត្រឹមត្រូវតាមស្តង់ដារផងដែរ។

ក្រោយពិនិត្យឃើញថាទាំងទំនិញលក់ដូរ និងម្ហូបអាហារមានគុណភាពល្អនោះ លោកប្រធានសាខាកាំកុងត្រូលខេត្ត ណែនាំបន្ថែមដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យបានច្បាស់លាស់ ព្រមទាំងអំពាវនាវឲ្យដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕