(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានរោងចក្រផលិតឧស្ម័ន LPG (Liquefied Petroleum Gas) ដើម្បីយកមកប្រើប្រាស់នៅឡើយនោះ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការវិនិយោគលើវិស័យឧស្ម័ន LPG ពីព្រោះហ្គាសដែលប្រើប្រាស់ក្នុងស្រុកនាពេលបច្ចុប្បន្ន គឺសុទ្ធតែជាផលិតផលនាំចូលទាំងអស់។

ការថ្លែងបែបនេះរបស់លោក ឌិត ទីណា ត្រូវបានធ្វើឡើងក្នុងសន្និសីទស្ដីពីឧស្ម័ន LPG នៅកម្ពុជា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត បណ្ដាអង្គការ ក្រុមហ៊ុនប្រេងឥន្ធនៈ និងអាជីវករឧស្ម័ន LPG ជាតិ-អន្តរជាតិប្រមាណ ៣០០នាក់។ អមជាមួយសន្និសីទខាងលើ ក៏មានការតាំងពិព័រណ៍ផលិតផលប្រើប្រាស់ និងផ្ទុកឧស្ម័ន LPG របស់ក្រុមហ៊ុនចំនួន ១៦ក្រុមហ៊ុន ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា។

បើតាមលោក ឌិត ទីណា នៅកម្ពុជាបច្ចុប្បន្នមិនទាន់មានរោងចក្រផលិតឧស្ម័នហ្គាសនៅឡើយទេ ពោលឧស្ម័នហ្គាសដែលប្រជាពលរដ្ឋប្រើប្រាស់នាពេលបច្ចុប្បន្ន គឺសុទ្ធជាហ្គាសនាំចូលទាំងអស់ ប៉ុន្តែនៅពេលអណ្ដូងប្រេងរបស់កម្ពុជា ដែលនឹងដំណើរការចាប់ពីត្រីមាសទី៣ នៃឆ្នាំ២០១៩ ខាងមុខតទៅ គេក៏អាចទាញយកឧស្ម័នហ្គាសនេះ យកមកប្រើប្រាស់បានដូចគ្នាផងដែរ។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគលើវិស័យឧស្ម័ន LPG នៅប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍តាំងពិព័រណ៍រយៈពេល៣ថ្ងៃនេះ ក៏ជាឱកាសដ៏ពិសេសសម្រាប់អ្នកវិនិយោគ ដែលចង់វិនិយោគលើវិស័យឧស្ម័ន LPG នៅកម្ពុជាផងដែរ។

លោករដ្ឋលេខាធិការបានលើកឡើងថា ដោយសារតែបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ឧស្ម័នហ្គាសច្រើនឡើងៗ ក៏មានអ្នកមួយចំនួនមិនសូវគិតគូរពីសុវត្ថិភាពប៉ុន្មាននោះឡើយ ដូចជាការប្រើកំប៉ុងហ្គាសដែចាស់-ច្រេះ។ ប្រការនេះ លោកបានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល នឹងចេញនូវសារាចរណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងឡាយ ទាក់ទងនឹងការប្រើប្រាស់ឧស្ម័នហ្គាសប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងក្នុងការចម្អិនអាហារ ការប្រើប្រាស់ជាថាមពលបញ្ឆេះយានយន្ត ក៏ដូចជាស្ថានីយ LPG នានាផងដែរ។

ពាក់ព័ន្ធនឹងស្ថានីយ៍ LPG ដែលលក់ឧស្ម័នហ្គាសសម្រាប់បញ្ឆេះយានយន្តទៀតសោត លោករដ្ឋលេខាធិការបានបន្ថែមថា មានស្ថានីយមួយចំនួនរៀបចំមិនសមរម្យ និងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៅឡើយ ដែលអាចបង្កជាគ្រោះថ្នាក់ដោយប្រការផ្សេងៗ។ លោកបានទទូចដល់ប្រជាពលរដ្ឋថា ប្រសិនបើឃើញស្ថានីយហ្គាសណាមួយ រៀបចំកន្លែង និងចាក់ហ្គាសមិនត្រឹមត្រូវ សូមកុំចូលចាក់ហ្គាសនៅកន្លែងនោះឱ្យសោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ ក៏ដូចជាយានយន្តរបស់ខ្លួនផងដែរ។

ចំពោះអត្ថប្រយោជន៍នៃការប្រើប្រាស់ឧស្ម័ន LPG លោក ឌិត ទីណា បានឱ្យដឹងថា ការប្រើប្រាស់ហ្គាសមានសុវត្ថិភាពជាងការប្រើប្រាស់ឥន្ធនៈដទៃ មានប្រសិទ្ធភាពជាង កាត់បន្ថយការចំណាយបានច្រើនជាង កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សន្សំសំចៃកាបូន (ការប្រើប្រាស់កាបូនច្រើននាំឱ្យហិនហោចដល់ព្រៃឈើ) និងអត្ថប្រយោជន៍ជាច្រើនទៀត៕