(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋសភា នឹងបន្ដសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖

ទី១៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាង​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។

ទី២៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧។

ទី៣៖ ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើ

* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* កិច្ចព្រមព្រៀង​រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ទី៤៖ ការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៕​