(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុទៀតហើយ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា វាយបកយកឈ្នះ ៤-១ វិញក្នុងការប្រកួតទី២ ប្រចាំពូលA នៃពានរង្វាន់ AFF Suzuki Cup 2018 នៅកីឡដ្ឋានMandalarthiri នាទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា  ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមរហស្សនាមគោព្រៃកម្ពុជា ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមគោព្រៃកម្ពុជា បានធ្វើការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុននៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា តែក្រោយមកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ព្យាយាមដាក់សម្ពាធជាខ្លាំង លើក្រុមគោព្រៃកម្ពុជានៅតង់ទី២ រហូតវាយបកបាន ៣គ្រាប់វិញ ដោយធ្វើសម្រេចដោយកីឡាករ Hlaing Bo Bo នៅនាទី៦០, កីឡាករ Than Htet Aung នៅនាទី៦៩ និងកីឡាករ Si Thu Aung នៅនាទី៨៧  ។ បន្ទាប់មកក្រុមគោព្រៃកម្ពុជា ក៏ព្យាយាបវាយបកណាស់ដែរ តែធ្វើមិនបានសម្រេច ធ្វើឲ្យមីយ៉ាន់ម៉ាទទួលបាន ៣ពិន្ទុតែម្ដង ។

ជាមួយនឹងការបរាជ័យនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា រក្សានូវកំណត់ត្រាមិនទាន់ស្គាល់ឈ្នះដដែល ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Keisuke Honda មកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ។ នេះគឺជាប្រកួតទី២ ហើយ ដែលោក Honda បានដឹកនាំផ្ទាល់ ខណៈប្រកួតលើកទី១ ដែលលោកដឹកនាំ គឺចាញ់ក្រុមម៉ាឡេស៊ី ៣-១ ដូចគ្នា ក្នុងជំនួបមិត្តភាព កាលពីខែកញ្ញា ។ រីឯ ៣ប្រកួតទៀត ដែលដឹកនាំដោយលោក Felix គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា គឺចាញ់ ១ និងស្មើ១ ក្នុងជំនួបមិត្តភាព ខណៈប្រកួតផ្លូវការជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ចាញ់ម៉ាឡេស៊ី ១-០៕