(ភ្នំពេញ)៖ សកម្មភាពចោរកម្មតាមដងវិថីក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បានក្លាយទៅជាបញ្ហាមួយបង្កការភ័យខ្លាច និងព្រួយបារម្ភខ្លាំងសម្រាប់ប្រជាពលរដ្ឋរាល់ពេលពួកគាត់ ចាប់ផ្តើមធ្វើដំណើរលើដងវិថី។ ការព្រួយបារម្ភនេះ មិនត្រឹមតែប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុកនោះទេ សូម្បីជនបរទេសដែលចូលមកលេងកម្សាន្តក្នុងរាជធានីភ្នំពេញ ក៏ព្រួយបារម្ភនៅពេលពួកគេដើរលេងកម្សាន្តផងដែរ ព្រោះក្រុមចោរឆក់លើដងវិថីទាំងនេះធ្វើសកម្មភាពដោយគ្មានរើសអើងថា ជាពលរដ្ឋខ្មែរ ឬអ្នកទេសចរបរទេសនោះឡើយ។

ក្រុមមុខសញ្ញាធ្វើសកម្មភាពឆក់ប្លន់លើដងវិថីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ បានចាប់ខ្លួន និងបង្ក្រាបជាបន្តបន្ទាប់ច្រើនករណីផងដែរ។ បើទោះបីសកម្មភាពបង្ក្រាបលើក្រុមបង្កអសន្តិសុខសង្គមទាំងនេះ ត្រូវបានធ្វើឡើងជាញឹកញាប់យ៉ាងណាក្តី តែសកម្មភាពចោរកម្មលើដងវិថីនៅតែបន្តកើតមាន។ បើតាមរបាយការណ៍របស់សមត្ថកិច្ចក្រុមចោរឆក់លើដងវិថីនេះ មានខ្លះជាមុខសញ្ញាចាស់ ដែលធ្លាប់បានបង្ក្រាបជាច្រើនលើកមកហើយផងដែរ។

ការឆក់លើដងវិថី ករណីខ្លះបានបង្កទៅជាការសោគសង្រេង និងឈឺចាប់ខ្លាំងណាស់ផងដែរ សម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រោះសកម្មភាពឆក់ទាំងនេះ ករណីខ្លះមិនត្រឹមតែធ្វើឲ្យជនរងគ្រោះត្រឹមតែបាត់បង់ទ្រព្យសម្បត្តិ ឬរងរបួសរូបរាងកាយនោះទេ វាថែមទាំងធ្វើឲ្យជនរងគ្រោះបានគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតថែមទៀតផង។

ក្នុងចំណោមករណីជាច្រើនដែលបានកើតឡើងនាពេលកន្លងមកនោះ កាលពីម៉ោងទៀបភ្លឺថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ ពេលកំពុងជិះម៉ូតូយកផ្កាទៅលក់នៅមុខវាំង លុះជិះដល់​ផ្លូវព្រះសីហនុ កែងផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ត្រូវក្រុមចោរជិះមកឆក់ទ្រព្យសម្បត្តិ ហើយធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្តាលឲ្យបុរសជាប្តីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈភរិយារងរបួស។ មរណភាពដោយសារចោរឆក់នេះ បណ្តាលឲ្យស្រ្តីជាភរិយាត្រូវរស់នៅមេម៉ាយ ហើយបន្សល់កូន២នាក់ឲ្យរស់នៅកំព្រា។ ហេតុការណ៍មរណភាពនេះបានធ្វើឲ្យមានការសង្វេគជាខ្លាំងពីមហាជន ហើយក៏មានការខឹងសម្បាក្រុមចោរនេះខ្លាំងផងដែរ។

ក្រោយការកើតហេតុការណ៍រយៈពេលប្រមាណជាមួយសប្តាហ៍ ពោលគឺនៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមជនសង្ស័យពីរនាក់ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលតាមវែកមុខ និងចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងខេត្តត្បូងឃ្មុំ និងនៅកោះពេជ្រ។ ខណៈជនសង្ស័យពីរនាក់ទៀត កំពុងគេចខ្លួននៅឡើយ។

ជនសង្ស័យដែលចាប់ខ្លួនបាននេះ មានឈ្មោះ ម៉ឹង ប៊ុនវាសនា ហៅអាបូ អាយុ ២១ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ និងម្នាក់ទៀតឈ្មោះ ខៀវ ផល្លា ហៅខ្លា ​អាយុ​ ២១ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ទន្ទឹមនឹងការចាប់បានប្រជាពលរដ្ឋបានសម្តែងការភ្ញាក់ផ្អើលខ្លាំង ដោយសារតែក្រុមចោរឆក់នេះ ពួកគេទើបតែចេញពីពន្ធនាគារបានប៉ុន្មានខែប៉ុណ្ណោះ។ របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ម៉ឹង ប៊ុនវាសនា ទើបតែចេញពីពន្ធនាគារកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខណៈជនសង្ស័យ ខៀវ ផល្លា ទើបចេញពីពន្ធនាគារកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ផងដែរ។ ការជាប់ពន្ធនាគារលើកមុននេះ ដោយសារតែការធ្វើសកម្មភាពឆក់ផងដែរ។

ក្រៅពីករណីខាងលើនេះ នៅមានជនសង្ស័យក្នុងករណីឆក់ប្លន់ផ្សេងៗទៀត ក៏ត្រូវបានសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាចាស់ ហើយធ្លាប់ជាប់ពន្ធនាគារផងដែរ។ កម្លាំងសមត្ថកិច្ចមួយចំនួន បានបង្ហើបថា ក្រុមចោរឆក់ទាំងនេះភាគច្រើនជាមុខសញ្ញាចាស់ ដែលធ្លាប់បានបង្ក្រាបជាច្រើនដងមកហើយ។ លើសពីនោះទៀត រាល់សកម្មភាពឆក់ទាំងអស់ឲ្យតែមានកាមេរ៉ាសុវត្ថិភាពចាប់មុខបាន គឺសមត្ថកិច្ចមិនលំបាកស្វែងរកនោះឡើយ ព្រោះពួកគេជាមុខសញ្ញាចាស់ ដែលងាយស្រួលក្នុងការតាមវែកមុខ។

សកម្មភាពឆក់លើដងវិថី ដែលករណីខ្លះឈានដល់បង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនរងគ្រោះ ហើយក្រុមជនបង្កភាគច្រើនជាមុខសញ្ញាដដែលនេះ កំពុងក្លាយទៅជាប្រធានបទមួយត្រូវបានលើកមកជជែកដេញដោលគ្នាជាខ្លាំងពីមហាជន។ មានអ្នកខ្លះបានលើកឡើងថា មូលហេតុដែលនាំឲ្យក្រុមជនល្មើសក្នុងរឿងឆក់ប្លន់នេះគ្មានការខ្លាចរអា និងមិនរាងចាល ដោយសារតែការដាក់ទោសទណ្ឌទៅលើក្រុមជនល្មើសនេះមិនបានធ្ងន់ធ្ងរ ការជាប់ពន្ធនាគារនោះមានរយៈពេលខ្លីជាដើម។

អ្នកខ្លះទៀតបានលើកឡើងថា ការដែលពួកគេមិនរាងចាលនេះ ដោយសារមានករណីខ្លះមានការបន្ធូរបន្ថយពីសមត្ថកិច្ច ឬតុលាការជាដើម ឬអាចមានករណីខ្លះទៀត អាចមានការត្រូវរ៉ូវគ្នារវាងសមត្ថកិច្ច និងតុលាការ ហើយលួចដោះលែងក្រុមជនសង្ស័យស្ងាត់ក្រោមកិច្ចសម្របសម្រួលក្រៅប្រព័ន្ធច្បាប់។ អ្នកខ្លះទៀត លើកឡើងថា ដោយសារការអនុវត្តន៍វិន័យចំពោះអ្នកទោសនៅក្នុងពន្ធនាគារមានសភាពធូរស្រាល ទើបធ្វើឲ្យពួកគេមិនខ្លាចរអាចំពោះពន្ធនាគារ។

មហាជនដែលមិនចង់ឃើញអំពើចោរកម្មឆក់ប្លន់បន្តបំផ្លាញសេចក្តីសុខនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនេះ បានទទូចសុំឲ្យសមត្ថកិច្ច តុលាការ រួមទាំងមន្រ្តីពន្ធនាគារផង គួរមានយន្តការណាមួយបង្កើនទាំងប្រសិទ្ធភាពក្នុងការតាមចាប់ក្រុមជនល្មើស ហើយគួរអនុវត្តន៍ច្បាប់ដោយគ្មានការយោគយល់ និងគ្មានការអន្តរាគមន៍។ សម្រាប់តុលាការ គួរមានការអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងដោយដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ដោយគ្មានការសម្រួលចំពោះជនល្មើសដែលជាមុខសញ្ញាធ្វើសកម្មភាពញឹកញាប់ ឬធ្លាប់ជាប់ពន្ធនាគារជាដើម។ ដោយឡែកខាងពន្ធនាគារ ក៏គួរមានការដាក់ពិន័យទៅក្រុមជនល្មើសនេះឲ្យបានធ្ងន់ធ្ងរផងដែរ មិនគួរមានការសម្រួលទាំងកន្លែងស្នាក់នៅ និងការហូបចុកជាដើមចំពោះជនល្មើសដែលជាមុខសញ្ញាឆក់ប្លន់ញឹកញាប់ និងធ្លាប់ជាប់ពន្ធនាគារនោះទេ។

មហាជនមើលឃើញថា កិច្ចសហការដ៏ស្អិតល្មួតរវាងកងកម្លាំងនគរបាល មន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារ អនុវត្តន៍ច្បាប់ឲ្យបានតឹងរឹង និងធ្ងន់ធ្ងរ ដោយគ្មានការយោគយល់ និងមិនទទួលការអន្តរាគមន៍នានា ទើបអាចលុបបំបាត់ក្រុមបង្កអសន្តិសុខលើដងវិថីមានប្រសិទ្ធភាព។

មហាជនបានលើកឡើងទៀតថា កម្លាំងសមត្ថកិច្ច តុលាការ និងមន្ត្រីពន្ធនាគារ មិនគួរបន្តបណ្តែតបណ្តោយឲ្យសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងស្រោចស្រង់ចេញពីភ្លើងសង្គ្រាម និងប្រឹងលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរ ត្រូវបានបំផ្លាញដោយក្រុមចោរឆក់ប្លន់ ដែលជាមុខសញ្ញាដដែលៗនេះឡើយ៕