(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី Sunniya Durrani-Jamal ចូលជួបសម្តែងការគួរសម និងធ្វើការណែនាំខ្លួន ដោយលោកស្រីទើបត្រូវបានតែងតាំង ជានាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា។

នាឱកាសនេះ លោកស្រី Sunniya Durrani-Jamal បានកោតសរសើរចំពោះការវិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលជាចលករមួយដ៏សំខាន់ ជួយគាំទ្រប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមក។

លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយ ដែលធនាគារអភិវឌ្ឍអាស៊ីផ្តល់អាទិភាពខ្ពស់ ដោយបានដាក់បញ្ចូលនៅក្នុងគោលនយោបាយភាព ជាដៃគូរវាងប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ីថ្មី សម្រាប់រយៈពេល៥ឆ្នាំ។

ក្នុងឱកាសនៃបេសកកម្មនៅកម្ពុជា នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ថ្មីប្រចាំកម្ពុជារូបនេះ បានសន្យាថា នឹងផ្តល់កិច្ចសហប្រតិបត្តិ និងបន្តការគាំទ្រឲ្យអស់លទ្ធភាព ជាមួយក្រសួងកសិកម្មធ្វើយ៉ាងណា រួមចំណែកអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើន។

លោករដ្ឋមន្រ្តី វេង សាខុន ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារអភិវឌ្ឍអាស៊ីដែលកន្លងមក បានជួយគាំទ្រគ្រប់យ៉ាង ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធវិស័យកសិកម្ម។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ស្តែងចេញពីលទ្ធផលគម្រោងដែលសម្រេចបាន បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។

តាមរយៈលោកស្រី Sunniya Durrani-Jamal លោករដ្ឋមន្រ្តី សង្ឃឹមនិងជឿជាក់ថា ធនាគារអភិវឌ្ឍអាស៊ី នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យមាន ការរីកចម្រើនបន្ថែមទៀត ជាពិសេសជួយឧបត្ថម្ភគាំទ្រលើវិស័យកសិកម្ម ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានលើកយកប្រធានបទសំខាន់ៗ ដើម្បីដាក់ជូនលោកស្រីពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ រួមមាន៖

ទី១៖ វិធានការនានា ដែលត្រូវឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើវិស័យកសិកម្ម។
ទី២៖ ពិនិត្យ និងធ្វើការសិក្សាពីការរៀបចំធ្វើផែនទី កំណត់តំបន់ដាំដុះ។
ទី៣៖ ជួយមានវិធានការនានា ដែលឈានដល់ការទប់ស្កាត់ផលប៉ះពាល់ លើផលិតកម្មដំឡូងមីដោយសារជំងឺម៉ូសាអ៊ិកដំឡូងមី និងផែនការគ្រប់គ្រងជំងឺ។
ទី៤៖ ជួយរិះរកវិធានការនានា ដែលឈានទៅដល់ការសហការ បានពេញលេញពីស្ថាប័នពាក់ព័ន្ធក្នុងការធ្វើកសិម្មឲ្យទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការចំណាយ ឲ្យបានជាអតិប្បរិមាលើការងារគ្រប់គ្រងទឹក​ និងដំណាំ។
ទី៥៖ ផលិតភាពផលិតកម្ម និងទីផ្សារកសិផលរបស់ប្រជាកសិករ និងសហគមន៍។

ជាការឆ្លើយតប លោកស្រី Sunniya Durrani-Jamal បានឯកភាពទាំងស្រុងនូវរាល់ចំណុចសំខាន់ៗ ដែលលោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើង និងយកចំណុចទាំងនោះ ទៅពិភាក្សាជាមួយក្រុមការងារជំនាញ ដើម្បីពិនិត្យលទ្ធភាព ក្នុងការផ្តល់ការគាំទ្រ៕