(ភ្នំពេញ)៖​​ លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា​ បានលើកឡើងថា វិទ្យា​ស្ថាន​បានបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អប់រំ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា ឱ្យប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បីបម្រើនៃភាពរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ការលើកឡើងរបស់លោកបណ្ឌិត ផុន ណារិន បានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញបើក បវេសនកាលថ្មី ឆ្នាំ២០១៨-២០១៩ ជំនាន់ទី០៣ ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ និងមានការចែករំលែកបទពិសោធន៍ការសិក្សាពីសំណាក់និស្សិត អ៉ិន ច័ន្ទសោភាវឌ្ឍន: មកពីសាកលវិទ្យាល័យ ម៉ូណាស្ស ប្រទេសអូស្ត្រាលី និងមានការអញ្ជើញចូលរួមពីសំណាក់សាស្ត្រចារ្យ និងនិស្សិតយ៉ាងច្រើនកុះករផងដែរ។

នាយកវិទ្យាស្ថានរូបនេះ បានបន្តថា វិទ្យាស្ថាន​ ពាណិជ្ជសាស្ត្រ​ អេស៊ីលីដា​ បាន​វិនិយោគ​ទិញ​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់​ទំហំ​៧,៥៧​ហិចតា​ អគារ​សិក្សា​មាន​ផាសុកភាព​ខ្ពស់​ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ និង​ជា​អគារ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​​ក្នុងការ​លើក​កម្ពស់​បរិស្ថាន និង​ការ​សន្សំសំចៃ​ថាមពល (Green​ Building)។

លោកបណ្ឌិត ផុន ណារិន បានបន្ថែមទៀតថា វិទ្យាស្ថាននេះ នឹងធ្វើឱ្យ​អាណាព្យាបាល​ ព្រមទាំង​និស្សិត​ដែលកំពុងសិក្សា កាន់​តែ​មាន​ទំនុកចិត្ត​ខ្ពស់​មក​លើ​វិទ្យាស្ថាន​ថែមទៀត​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​វិទ្យាស្ថាន​ ក្នុងការ​បណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្ររង​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ លើ​ដេប៉ាតឺម៉ង​គ្រប់គ្រង​ពាណិជ្ជកម្ម​ មុខ​ជំនាញ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​លើ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដល់​សិស្ស-និស្សិត​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ទាំងក្នុង​ និង​ក្រៅប្រទេស​ ប្រកប​ដោយ​គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ។​

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ​មានអគារចំនួន៦ រួមមាន ៖ អគារ​សិក្សា​កម្ពស់​ ៥ជាន់​ ចំនួន​២​ អគារ​រដ្ឋបាល​ (រួមមាន​ទាំង​អាហារដ្ឋាន​ និង​បណ្ណាគារ)​ កម្ពស់​ ៣​ជាន់​ ចំនួន១,​ អគារ​បណ្ណាល័យ​កម្ពស់​ ៣​ជាន់​ ចំនួន​១,​ អគារ​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្នាក់នៅ​ កម្ពស់​៤​ជាន់​ ចំនួន​១,​ អគារ​សម្ភារ​បរិក្ខារ​ កម្ពស់​០១​ជាន់​ ចំនួន​១,​ ព្រមទាំង​ទីលាន​កីឡា​បាល់ទាត់​ បាល់ទះ​ បាល់បោះ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ទាំងមូល។

សូមជម្រាបថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បច្ចុប្បន្ន ​គឺ​ជា​ធនាគារ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​១០០ របស់​អាស៊ាន។ វិទ្យាស្ថាន​ ពាណិជ្ជសាស្ត្រ​ អេស៊ីលីដា​ គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​ ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​អនុក្រឹត្យ​ លេខ​ ១៣​ អនក្រ.បក​ ចុះ​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៦​ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​អប់រំ​កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ​ បរិញ្ញាបត្រជាន់ខ្ពស់​ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ហិរញ្ញវត្ថុ​ ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​ ដល់​និស្សិត-សិក្ខាកាមជាតិ​ និង​អន្តរជាតិ៕