(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរជិត៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ព្រមទាំងរថយន្តមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះតាមមន្ទីរពេទ្យនាៗ ​ដើម្បីជួយសង្គ្រោះ​។ ​ហេតការណ៍នេះ បានកាលពីវេលាម៉ោង១០​៖​៣០នាទីព្រឹក ថ្ងៃទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិតក្នុងរោងចក្រកាត់ដេរយីហោ​ ហ្គ្រី​ន​ មីដូវ​ ឌីវេឡុបមេន​ ភូមិត្រាដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ឯក​ ជឹម​ ស៉ីថា​ អធិការនគរបាលខណ្ឌ​ដង្កោ ដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ បានថ្លែងប្រាប់ឲ្យដឹងថា​ ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តមណ្ឌលសុខភាព បានចេញទៅអន្តរាគមន៍ជួយសម្រួល ដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។​

លោកបន្តថា មូលហេតុដែលផ្តើមឱ្យកម្មករដួលសន្លប់ ជាបន្តបន្ទាប់នេះគឺដោយសារ​បុរសជាជនជាតិខ្មែរ ហើយត្រូវជាអ្នកបកប្រែ ឲ្យថៅកែរោងចក្រ បានប្រើសម្តីខ្លាំងៗស្រែកដាក់ទៅក្រុមកម្មករ-កម្មការិនី ជាហេតុធ្វើឲ្យកម្មការនីម្នាក់ដួកសន្លប់ភ្លាមៗ។ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ពេញរោងចក្រ បណ្តាលកម្មករ-កម្មការនីជាច្រើននាក់ទៀត មានអាការៈទន់ដៃជើងសន្លប់បន្តបន្ទាប់រហូត​ ដល់ទៅជិត៥០នាក់ ក្នុង​ចំណោមកម្មករ​សរុប ១.២២៨នាក់​។

កម្មករដួលសន្លប់ទាំងអស់ ត្រូវបានក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយដឹក និងសង្គ្រោះតាមរថយន្តសង្រ្គោះ ចំនួន៥គ្រឿង ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងភ្លាមៗ​។

ក្រោយពីជួយសង្គ្រោះកម្មករ-កម្មការិនីរោងចក្ររួចរាល់, លោកអធិការខណ្ឌបានហៅបុរសជាអ្នកបកប្រែ មកធ្វើការណែនាំអប់រំ​ ឲ្យបញ្ឈប់ការប្រាប់ពាក្យសម្តីមិនសមរម្យ ជាពិសេសការសម្លុតគំរាមទៅកម្មករ ដែលពួកគាត់ជាមនុស្សទន់ខ្សោយ​តទៅទៀត៕