(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកានេះ ក្នុងការប្រកួតពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 វគ្គសន្សំពិន្ទុប្រចាំពូល A នៅកីឡដ្ឋាន Mandalarthiri នាទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។

នេះគឺជាការប្រកួតទី២ ក្នុងពូល A តែជាការប្រកួតលើកដំបូងរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ដែលត្រូវប្រកួតក្រៅដី ក្រោយលោក Keisuke HONDA ចូលមកកាន់តំណែងអ្នកចាត់ការទូទៅ។ ប៉ុន្ដែប៉ះមីយ៉ាន់ម៉ាល្ងាចនេះ គេមិនទាន់ ប្រាកដអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឬក៏អត់នោះទេ ក្រោយប្រកួតបើកឆាកជាមួយម៉ាឡេស៊ី កាលពីអាទិត្យមុន លោកមិនបានចូលរួមឡើយ។

ទន្ទឹមជាមួយគ្នា មានព័ត៌មានបែកធ្លាយថា លោក HONDA នឹងធ្វើដំណើរទៅដឹកនាំក្រុមគោព្រៃកម្ពុជា នៅទីក្រុង Mandalay ល្ងាចនេះ តែមិនទាន់ច្បាស់ការឡើយ។ ប៉ុន្ដែបើតាមការអះអាងរបស់លោក Felix គ្រូបង្គោលក្រុមជម្រើស ជាតិកម្ពុជា បានអះអាងកាលពីពេលថ្មីៗថា សម្រាប់ ៣ប្រកួតចុងក្រោយនៃពានរង្វាន់ AFF Suzuki Cup 2018 នេះ ភាគរយខ្ពស់នឹងមានវត្តមានលោក HONDA ចូលរូមដឹកនាំដោយផ្ទាល់។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ ក្រោយចាញ់ក្រុមម៉ាឡេស៊ីក្នុងដី ១-០ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា។ ដូច្នេះល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ដោយកម្ពុជា ត្រូវការពិន្ទុដាច់ខាត បើមិនដូច្នេះកម្ពុជា នឹងត្រូវ ប្រឈមការធ្លាក់ត្រឹមវគ្គជម្រុះ ព្រោះការប្រកួតសន្សំពិន្ទុក្នុងមួយក្រុម មានតែ ៤ប្រកួតក្នុងដៃប៉ុណ្ណោះ៕